ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ ខណៈយោធាចាប់ខ្លួនក្រុមអ្នកល្បីៗក្នុងវិស័យសិល្បៈ មានទាំងតារាចម្រៀង តារាភាពយន្តមានឥទ្ធិពលក្នុងសង្គម ដោយយោធាចោទប្រកាន់ថាក្រុមតារាទាំងនោះកំពុងតែញុះញង់ឲ្យមានបាតុកម្មប្រឆាំងយោធា។
ពេលថ្មីៗនេះនៅលើបណ្តាញសង្គម អតីតបវរកញ្ញាចក្រវាលប្រទេសមីយ៉ាន់ម៉ាឆ្នាំ២០១៨បានប្រកាសលក់មកុដរបស់ខ្លួន ដើម្បីចូលរួមបរិច្ចាគជួយដល់ក្រុមបាតុករមីយ៉ាន់ម៉ាដែលរងរបួសដោយការប្រើហិង្សាពីកម្លាំងយោធា ។ នាងនិយាយថា «បើទុកនៅនឹងខ្ញុំ វាត្រឹមតែជាដុំឥដ្ឋមិនបានការមួយ ប៉ុន្តែប្រសិនខ្ញុំលក់វា វានឹងជាប្រយោជន៍ដល់ជនរួមជាតិទាំងអស់គ្នា»។ បវរកញ្ញាឆ្នាំ២០១៨ ក៏បានប្រកាសថា នឹងមើលថែបវរកញ្ញា ចក្រវាលឆ្នាំ២០២០នៅក្នុងប្រទេសថៃ។ នៅពេលនេះបវរកញ្ញាទាំងពីររូបស្ថិតនៅក្នុងប្រទេសថៃ មិនហ៊ានវិលត្រឡប់ទៅប្រទេសវិញឡើយខ្លាចត្រូវយោធាចាប់ខ្លួន។
កន្លងមក Miss Grand Myanmar 2020 នាងHan Lay បាននិយាយទាំងទឹកភ្នែកអំពាវនាវដល់សហគមន៍អន្តរជាតិជួយដល់ប្រទេសរបស់ខ្លួន ពលរដ្ឋមីយ៉ាន់ម៉ា រួចផុតពីទុក្ខផង។ ក្រោយបញ្ចប់ការប្រឡងនាង Han lay ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសថៃដើម្បីសុវត្ថិភាព ។
ក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនេះដែរ ថៃក៏បានត្រៀមកងពលយន្តហោះដឹកជញ្ជូន C-130 ដើម្បីដឹកជញ្ជូនពលរដ្ឋរបស់ខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាក្នុងពេលចាំបាច់ ។ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានលើកឡើងថា ប្រទេសរបស់លោកបានត្រៀមលក្ខណៈរួចរាល់ជួយដល់ពលរដ្ឋថៃដែលអាចជាប់គាំងនៅមីយ៉ាន់ម៉ា បើស្ថានភាពកាន់តែតានតឹង។
អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោក Airbull Suttiwanបានបញ្ជាកម្លាំងទាហានឈរជើងនៅអាកាសយានដ្ឋាន Don Mueang ត្រៀមយន្តហោះ C-130 ដើម្បីបំពេញភារកិច្ចក្នុងពេលចាំបាច់ដើម្បីជម្លៀសពលរដ្ឋ។
ក្រៅពីប្រទេសថៃ ក៏មានប្រទេសជាច្រើនអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងកុំទៅតំបន់មានអំពើហិង្សា ។ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ ខណៈមានអ្នកស្លាប់កើនឡើងជាង៥៥០នាក់។ ជាមួយគ្នានេះក្រុមតំណាងរាស្ត្រ ក៏បានបង្កើតរដ្ឋាភិបាលស្រមោលសហការជាមួយកម្លាំងទាហានក្រុមជនជាតិភាគតិច ប្រឆាំងនិឹងយោធា បង្កក្តីបារម្ភពីសង្គ្រាមស៊ីវិលកើតឡើងនៅក្នុងប្រទេសនេះ៕
រូបភាព៖ Reuters