ខេត្តរតនគិរី, រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីជូនដំណឹងស្តីពី ការរកឃើញអ្នកផ្ទុកមេរោគកូវីដ -១៩ ចំនួន ១ករណី នៅស្រុកតាវែង។
រដ្ឋបាលខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ យោង តាមលទ្ធផលវត្ថុវិភាគសំណាកពីវិទ្យាស្ថានសុខភាពសាធារណៈ បានបង្ហាញលទ្ធផលវិជ្ជមានមេរោគកូដ-១៩ លើកដំបូង ១ករណី នៅក្នុងខេត្តរតនគិរី លើឈ្មោះ ញឹក សុជា ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង។ តាមការស្រាវជ្រាវបុគ្គលខាងលើនេះ បានធ្វើដំណើរមកពីភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរស់នៅជាមួយប្រពន្ធនៅស្រុកតាវែង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ តាមមធ្យោបាយរថយន្តផ្ទាល់ខ្លួន។
តាមការបញ្ជាក់ ឈ្មោះ ញឹក សុជា កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានដើរលេង ភ្លេង និងទំនាក់ទំនងជាមួយបងប្អូន មិត្តភ័ក្ត្រមួយចំនួននៅក្នុងខេត្តក្រចេះ។ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានធ្វើដំណើរមកខេត្តរតនគិរី ដល់ចំណុចអូរពងមាន់ឈប់រថយន្តទិញទឹក(មិនចុះពីឡាន) បន្ទាប់មកបាន ចុះចាក់ប្រេង និងទិញបាយម្ហូបនៅចំណុចអូរចេង ភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី និងបន្ត ដំណើរដល់ស្រុកតាវែង និងបានដាក់ចត្តាឡីស័កដោយខ្លួនរយៈពេល ១៤ថ្ងៃ ដោយមានកិច្ចសន្យាជាមួយ អាជ្ញាធរមានសមត្ថកិច្ច។ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដោយមានការសង្ស័យ បុគ្គលខាងលើ បានទាក់ទងជាមួយមន្ត្រីសុខាភិបាល ដើម្បីចុះយកសំណាកដើម្បីវិភាគទាំងពីរនាក់ប្តីប្រពន្ធ។” លទ្ធផល វិភាគថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានបង្ហាញថា បុគ្គលជាប្តីឈ្មោះ ញឹក សុជា មានផ្ទុកមេរោគកូវីដ-១៩ និងប្រពន្ធអវិជ្ជមានកូវីដ-១៩។
អាស្រ័យហេតុនេះ រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ ដែលមានជាប់ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ញឹក សុជា ដែលមានទីតាំងដូចបានជម្រាបជូនខាងលើ គិតចាប់ពីថ្ងៃទី១៤ ខែមីនា រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ សូមសហការផ្តល់ព័ត៌មាន ដើម្បីមន្ត្រី ជំនាញចុះយកវត្ថុវិភាគ និងត្រូវដាក់ចត្តាឡីស័កខ្លួនឯង ១៤ថ្ងៃ ក្នុងករណីមានអាការសង្ស័យ ឬការប្រែប្រួល សុខភាព សូមផ្តល់ព័ត៌មានជូនអាជ្ញាធរ ឬទំនាក៏ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥៩៥ ៧៧៨ ៨ និង ០៩២ ១២១ ៣៨៣។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជ្រាប ជាព័ត៌មាន ចូលរួមអនុវត្តឱ្យបានខ្ទប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ, សិលា