អន្តរជាតិ៖ ប៉ូលីសហុងកុង បានប្រកាសនៅថ្ងៃទី៤ ខែមេសាថា ខ្លួនបានបេីកប្រតិបត្តិការបង្រ្កាបក្រុមឈ្មួញរកស៊ីផ្លូវងងឹតមួយចំនួន ក្នុងវិបត្តិកូវីដ-១៩ ជាក់ស្ដែងរឹបអូសសារធាតុប្រភេទកូកាអ៊ីន ចំនួន ៧០០គីឡូក្រាម។ នេះគឺជាចំនួនច្រើនបំផុត ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ។
បេីតាមមន្រ្តីប៉ូលីស បន្តថា ក្រុមឈ្មួញរកស៊ីផ្លូវងងឹត បាននាំចូលគ្រឿងញៀន និងសារធាតុញៀនផ្សេងទៀតចូលមកហុងកុងដោយខុសច្បាប់ តាមរយៈការដឹកជញ្ជូនផ្លូវទឹក ជាជាងតាមផ្លូវអាកាស។
ប៉ូលីសហុងកុង បន្ថែមទៀតថា សារធាតុកូកាអ៊ីន ដែលចាប់បានចំនួន ៧០០គីឡូក្រាមនេះ មានតម្លៃប្រមាណជិត ១២០លានដុល្លារឯណោះ។ ដំបូងឡើយអាជ្ញាធរ បានឃាត់ខ្លួនបុរសម្នាក់ នៅក្នុងសង្កាត់Fo Tan និងរកឃើញសារធាតុកូកាអ៊ីនចំនួន ១៥០កញ្ចប់នៅក្នុងកេសក្រដាសជាច្រើន។
ប៉ុន្តែក្រោយមកប៉ូលីសបានរកឃើញសារធាតុប្រភេទនេះ ចំនួន ៤៩២កញ្ចប់បន្ថែមទៀត នៅក្នុងអាគារឧស្សាហកម្មមួយកន្លែង និងនៅក្នុងកន្លែងស្នាក់នៅមួយក្នុងសង្កាត់ដដែលនេះ ដែលនាំឱ្យប៉ូលិសចាប់ខ្លួនបុរសចំនួនពីរនាក់ ដែលមានវ័យ ១៩ឆ្នាំ និង២៥ឆ្នាំ។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ ស្នងការប៉ូលីសហុងកុង លោកNg Kwok-cheung ថ្លែងប្រាប់អ្នកសារព័ត៌មាន AFPថា៖ សារធាតុកូកាអ៊ីននេះ ត្រូវបានដឹកជញ្ជូនពីតំបន់អាមេរិកខាងត្បូង និងនាំចូលខុសច្បាប់មកក្នុងហុងកុងតាមរយៈទូកល្បឿនលឿន។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១២ កន្លងទៅ ប៉ូលីសហុងកុង បានរឹបអូសបានសារធាតុកូកាអ៊ីន បានចំនួន ៦៤៩ គីឡូក្រាមផងដែរ៕ដោយ៖ស តារា
គ្រឿងញៀនប្រភេទកូកាអ៊ីន ត្រូវអាជ្ញាធរបង្ហាញ
រូបភាព៖ Getty Images