ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នាព្រឹកថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យ មើលបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលប្រព្រឹតទៅនៅសាលាបឋមសិក្សាសន្សំកុសល ដេីម្បីមកទទួលសេវាចាក់វ៉ាក់សាំងប្រឆាំងជំងឺឆ្លងកូវីដ១៩។
នាឱកាសនោះដែរ លោក នួន ផារ័ត្ន បានលើកឡើងថា បងប្អូនមកទទួលសេវាចាក់វ៉ាក់សាំងនេះ សូមអង្គុយរងចាំដោយរក្សាគម្លាត និង ស្តាប់តាមការណែ នាំរបស់ក្រុមគ្រូពេទ្យ ដែលកំពង់ប្រចាំការបំរើសេវាបងប្អូននៅទីនេះ ។
ទន្ទឹមនឹងនេះដែរ លោកអភិបាលរងរូបនេះ បានបន្តទៀតថា ជាការគិតគូរប្រមុខថ្នាក់ដឹកនាំដែលមាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទិញវ៉ាក់សាំង ចាក់ជូនបងប្អូនដើម្បីបង្ការការឆ្លងមេរោគ កូវីដ-១៩ ។
សូមបញ្ជាក់ដែរថា គិតត្រឹមម៉ោង ១១ និង៣០ នាទីព្រឹកថ្ងៃដដែលនេះ បងប្អូនរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ មកទទួលសេវាចាក់វ៉ាក់សាំងសរុប ១៣០នាក់ លើផែនការ ១៥០នាក់៕ដោយ៖ស តារា