ខេត្តកំពត៖ ប្រសិនបើបងប្អូមានអាការគួរឲ្យសង្ស័យមានដូចជា៖ក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩។ ប៉ុន្តែចម្លែកតែស្រ្តីម្នាក់ បន្ទាប់ពីរូបគាត់មានអាការឈឺក្បាលខ្លាំង តឹងច្រមុះនិង គ្រុនក្តៅជាង ១០ថ្ងៃមកហេីយ បែរជាគាត់មិនព្រមទៅរកគ្រូពេទ្យជំនាញ ដេីម្បីពិនិត្យព្យាបាលនោះទេ បែរជារត់ទៅឲ្យគ្រូខ្មែរស្រោចទឹកអស់ ៣គ្រូ ចុងក្រោយក៏ទៅស្រុកកំណេីតត្រូវអាជ្ញាធរស្រុកកំពង់ត្រាច ខេត្តកំពត ចុះទៅអនុវត្តន៍វិធានការទប់ស្កាត់ជំងឺកូវីដ ឃេីញថាមានអាការខុសប្រក្រតី ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ស្រាប់តែពេទ្យតេស្តឃេីញវិជ្ជមានកូវីដ-១៩ បង្កការភ្ញាក់ផ្អើលតែម្តង។
ជាក់ស្ដែងបេីយោងតាមលិខិតរបស់រដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត បានបញ្ជាក់នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះថា ឈ្មោះ ស៊ឹម ស៊ីមួយ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០ និង០០នាទីយប់ បានមកដល់ស្រុកកំណេីតរបស់ខ្លួនធ្វើដំណើរមកពីភ្នំពេញ ដោយម៉ូតូផ្ទាល់ខ្លួន ជាមួយប្ដីឈ្មោះ គង់ ប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាងជួសជុលម៉ូតូ នៅភ្នំពេញ។ នេះបើតាមការស្រាវជ្រាវរបស់អាជ្ញាធរមូលដ្ឋាន ទៅលេីបុគ្គលខាងលើនេះ ។
ក្រោយទទួលបានព័ត៌មានការវិលត្រឡប់របស់ឈ្មោះស៊ឹម ស៊ីមួយ និងស្វាមីឈ្មោះ គង់ ប្រុស ភ្លាមនោះ ក្រុមការងារឃុំ សហការជាមួយមន្ត្រី សុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាច បានចុះពិនិត្យកំដៅ និងតេស្តយកសំណាកពិនិត្យទាំងប្តីប្រពន្ធ ភ្លាមៗតែម្តង ដោយអាការសុខភាពរបស់ពួកគាត់មិនសូវល្អ ក្រុមការងារបានបញ្ជូនគាត់មកធ្វើចត្តាឡី ស័កនៅមន្ទីរពេទ្យបង្អែកស្រុក។ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ លទ្ធផលនៃការយកសំណាក ពិនិត្យវិភាគបានបង្ហាញថា បុគ្គលជាប្រពន្ធឈ្មោះ ស៊ឹម ស៊ីមួយ មានផ្ទុកមេរោគកូវីដ១៩ និងបុរសជាប្តី អវិជ្ជមាន។
យោងតាមការសាកសួរពីអ្នកជំងឺ បានឆ្លេីយប្រាប់ទៅក្រុមគ្រូពេទ្យជំនាញតាមប្រវត្តិនៃការធ្វើដំណើរ មានដូចខាងក្រោម ៖
-ថ្ងៃទី ២០-២១ ខែ មិនា ឆ្នាំ ២០២១ ស្នាក់នៅ ផ្ទះជួល ផ្តុំគល់ស្ពានស្ទឹងមានជ័យ ជាប់ធនាគារ រតនៈ មានអារម្មណ៍ថាឈឺក្បាល តឹងច្រមុះ ជាជំងឺរាំរ៉ៃយូរហើយ។
-ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០២១ ទៅកក់សក់នៅហាង ខ្ញុំឈូកទិព្វ (ជាងវៀតណាម ) ។
-ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២១ ទិញបបរអ្នករែកលក់តាមផ្លូវ (វៀតណាម)។
-ថ្ងៃទី ២៥-២៦ ខែ មិនា ឆ្នាំ ២០២១ មានអារម្មណ៍ថាឈឺក្បាលខ្លាំង និង គ្រុនក្តៅ នៅថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០២១ ទៅពេទ្យដារ៉ា នៅម្តុំពេទ្យរុស្សី ជាប់ហាងសូស៊ីសម្រស់ស្រីអូន (គ្រាន់តែពិគ្រោះមិនបានព្យាបាលទេ) ។
-ព្រឹកថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០២១ ធ្វើដំណើរមកខេត្ត កំពត ដល់ថ្នល់បែកគូស ចូលហូបបបរ ប្រហែល ១០នាទី លុះដល់ថ្នល់បែកអង្គសុរភី ចូលទិញទៀន ធូប និង ចូលចាក់សាំង (១០នាទី) ទៅផ្ទះ គ្រូស្រោចទឹក ម្ដុំព្រះវិហារព្រែក ជង្រុក ស្រុកទឹកឈូ ( គ្រូជនជាតិ) ទៅផ្ទះនៅភូមិ ព្រៃព្រួស ឃុំ ព្រែកក្រឹស ស្រុកកំពង់ត្រាច ។
-ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ ហៅគ្រូក្នុងភូមិ មកស្រោចទឹកនៅផ្ទះ ពេលល្ងាច(គ្រូខ្មែរ ឈ្មោះភ័ណ្ឌ)
-ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ ហៅគ្រូក្នុងភូមិ មកស្រោចទឹកនៅផ្ទះ ព្រឹកល្ងាច (គ្រូខ្មែរ ឈ្មោះ យាយនេន)
-ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២១ ពេលថ្ងៃត្រង់មកពេទ្យឯកជនកំពង់ត្រាច (ពេទ្យឡាយ) ហើយពេលល្ងាចក្រុមឆ្លើយតបបន្ទាន់ បានបញ្ជូនគាត់មកមន្ទីរពេទ្យបង្អែកកំពង់ត្រាច(កំដៅ៣៨អង្សា សេ) និង យកសំណាក (គ្លីនិកឯកជន រដ្ឋបាលស្រុកបានផ្អាកធ្វើអាជីវកម្ម និងបានហ៊ុព័ន្ធខ្សែសុវត្ថិភាពទី តាំងនោះ) ។
-ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១១.១០ព្រឹក បានទទួលពត៌មានពីក្រសួង សុខាភិបាល ថាមានករណ៏កូវីដ១៩ វិជ្ជមាន។
ដោយឡែកចំពោះអ្នកប៉ះពាល់មានដូចខាងក្រោម ៖
ប៉ះពាល់ផ្ទាល់៖ ០៨នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលព្រះរាជសម្ភារ និង យក សំណាក ។
ប៉ះពាល់ប្រយោល៖ ១១នាក់ អប់រំអោយចត្តាឡីស័ក នៅផ្ទះរៀងៗខ្លួន ។
បច្ចុប្បន្ន ប្រពន្ធដែលមានផ្ទុកជំងឺកូវីដ១៩ និងប្តី ត្រូវបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិកំពង់ត្រាច៕ដោយ៖សហការី