ខេត្តក្រចេះ៖ គំនរឈើខុសច្បាប់ប្រភេទសុក្រំមួយកន្លែងដែលក្រុមឈ្មួញលាក់ទុកត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ប្រចាំទិសស្រុកស្នួលចុះបង្ក្រាបនិងរឹបអូសយកទៅប្រគល់ឱ្យជំនាញចាត់ចែងបន្ត។
ការចុះបង្ក្រាបបទល្មើសព្រៃឈើនោះដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ក់ ពីយុត អនុប្រធានមន្ទីរព័ត៌មាន និងសន្តិសុខ រួមនឹងកម្លាំងអាវុធហត្ថ២នាក់ទៀត បានចុះប្រតិបត្តិការនៅវេលាម៉ោង១៤ៈ៣០នាទីថ្ងៃទី០៥ ខែមេសាឆ្នាំ២០២១ស្តិតក្នងភូមិប៉ោចេក ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
កម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបគំនរឈើខុសច្បាប់នោះបន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះផង ទើបចុះធ្វើការបង្ក្រាបភ្លាមៗ ហើយរុករកឃើញឈើខុសច្បាប់ចំនួន៧ដុំជាប្រភេទឈើសុក្រំនៅចំណុចជាប់ព្រំប្រទល់ខេត្តក្រចេះនិងខេត្តមណ្ឌលគិរី។ ឈើទាំងនេះត្រូវបានឈ្មួញដឹកយកមកលាក់ទុកប្រុងលួចដឹកបន្តឆ្លងដែនទៅលក់នៅព្រំដែនវៀតណាម។
ក្រោយបង្ក្រាបបានវត្ថុតាងខាងលើហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថដឹកយកទៅរក្សាទុកនៅក្នុងស្នាក់ការសន្តិសុខ៧០៩ ជាបណ្តោះអាសន្ន រង់ចាំប្រគល់ឱ្យជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ៕