អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១នេះថា ក្រសួងកីឡាកូរ៉េខាងជើង បានប្រកាសនៅថ្ងៃអង្គារនេះដែរថា ខ្លួននឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅក្នុងឆ្នាំ២០២១នេះឡើយ ដើម្បីការពារអត្តពលិករបស់ខ្លួនពីការឆ្លងនៃជំងឺ COVID-19 ។
ប៉ុន្តែយ៉ាងណាមិញ ក្រសួងកូរ៉េខាងជើង មិនបានឱ្យដឹងអ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីនៅលើគេហទំព័ររបស់ខ្លួនដូច្នេះថា៖ «គណៈកម្មាធិការបានសម្រេចចិត្តថានឹងមិនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូលើកទី៣២នោះទេ ដើម្បីការពារអត្តពលិកពីវិបត្តិសុខាភិបាល សកលដែលបង្កឡើងដោយ COVID-19 »។ ជាក់ស្ដែងការសម្រេចចិត្តខាងលើធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៃគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងកាលពីថ្ងៃ២៥ ខែមីនាកន្លងទៅ ដោយមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីកីឡា លោក Kim Il Guk។
គួរបញ្ជាក់ថា ក្រសួងកីឡាកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំខាងលើ ក៏បានពិភាក្សាគ្នាផងដែរពីការអភិវឌ្ឍសមត្ថភាពអត្តពលិកដើម្បីទទួលបានមេដាយកាន់តែច្រើន នៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ព្រមទាំងលើកកម្ពស់សកម្មភាពកីឡាសាធារណៈនៅរយៈពេល៥ឆ្នាំខាងមុខ៕ដោយ៖ស តារា
រូបភាព៖ឯកសារ