ខេត្តស្វាយរៀង, នៅព្រលប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។
យោងសេចក្តីសម្រេចលេខ ០២៥/២១ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១១ របស់រដ្ឋបាល ខេត្តស្វាយរៀង ។
រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ស្វាយរៀង ជាពិសេសក្នុងភូមិសាស្ត្រក្រុងបាវិត ជ្រាបថា ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង កំពុងកើតឡើងគួរឲ្យព្រួយបារម្ភ ក្នុងនោះចំនួនអ្នកឆ្លង ជំងឺកូវីដ-១៩ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ កំពុងមានការកើនឡើងជាបន្តបន្ទាប់គួរ ឲ្យកត់សម្គាល់ ។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងសំដៅការពារអាយុជីវិតរជាពលរដ្ឋ សុខភាព សាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមា នូវផលប៉ះពាល់ នៃការ ឆ្លងជំងឺកូវីដ-១៩ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋបាលខេត្តស្វាយរៀង សម្រេចដាក់ចេញនូវវិធានការ រដ្ឋបាលជាបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង រយៈពេល ១២ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ។
ការដាក់ចេញវិធានការរដ្ឋបាលនេះ រួមមាន ការរឹតត្បិតការធ្វើដំណើរ ការហាមឃាត់ការប្រមូលផ្តុំ ឬ ការជួបជុំមនុស្សក្នុងភូមិសាស្ត្រក្រុងបាវិត និងការបិទខ្ទប់ការធ្វើដំណើរចេញ ចូល ក្នុងក្រុមហ៊ុនកម្សាន្តអន្តរជាតិ បាវិត-ម៉ុកបាយ ក្រុមហ៊ុនកាស៊ីណូពិភពថ្មី ក្រុមហ៊ុនកាស៊ីណូ GOOD LUCK និងក្រុមហ៊ុន EMPEROR ដោយអនុវត្តតាមខ្លឹមសារដូចមានចែងក្នុងប្រការ២ ប្រការ៣ និងប្រការ៤ នៃសេចក្តីសម្រេចលេខ ០២៥/២១
សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង។ អាស្រ័យហេតុនេះ សូម សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និងក្នុងក្រុងបាវិត ជ្រាប និងចូលរួមអនុវត្តវិធានការខាងលើ ឲ្យបានគ្រប់ៗគ្នា ៕
ដោយ, សិលា