ខេត្តកំពង់ឆ្នាំង៖ មនុស្សស្រីប្រុ៣នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយម៉ូតូចំនួន២គ្រឿងបានបុកគ្នាពេញមួយទំហឹងក្នុងដំណើរច្រាស់ទិសគ្នា ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នៅផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៥០-៥១ ស្ថិតក្នុង ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ទី១ឥឈ្មោះ អោក សែន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច រងរបួសស្រាល ។ ទី២-ឈ្មោះ សំ សៀងហ៊ន ភេទប្រុស អាយុ៤៥ឆ្នាំ រងរបួសធ្ងន់ និងទី៣-ឈ្មោះ សំ ចានធួក ភេទស្រី អាយុ៤៥ឆ្នាំ រងរបួសស្រាល ២នាក់មានទីលំនៅភូមិព្រែកតាអុក ឃុំកោះរការ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុមានម៉ូតូ០១គ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ម-៩៩៧៨-ភព១ ជិះតែម្នាក់ឯងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុដាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១BF-៨៦៣៥ ជិះឌុបគ្នាពីរនាក់ ក្នុងទិសដៅច្រាស់គ្នា ហើយបានរេចង្កូតបុកគ្នាពេញទំហឹងតែម្តង បណ្តាលឲ្យជនរងគ្រោះទាំង៣នាក់ខ្ទាតចេញម៉ូតូរងរបួសស្រាលនិងធ្ងន់តែម្តង ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ចំណែកម៉ូតូទាំង០២គ្រឿងត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕ដោយ៖ ចន្ថា













