ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១លោក សា្វយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្ត អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ បបានអញ្ជើញចុះពិនិត្យមើលទីតាំងដីចម្ការដែលបានដាំដុះដើមកញ្ឆាដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកអូររាំង ដែលសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានធ្វេីការបង្ក្រាប និងធ្វេីការបំផ្លាញចោល កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ។
លោក អភិបាលខេត្ត បានដឹកនាំក្រុមការងារបន្តចុះពិនិត្យមើលដីពាក់ព័ន្ធមួយចំនួនក្នុងស្រុកអូររាំង ដែលប្រជាពលរដ្ឋបានកាប់ព្រៃរុករានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់នៅក្នុងតំបន់គម្រោងសាងសង់ព្រលានយន្តហោះ និងបានឲ្យមន្ទីរពាក់ព័ន្ធ សហការជាមួយអាជ្ញាធរស្រុក ដេីម្បីធ្វេីការកំណត់ព្រំប្រទល់ដីគម្រោងសាងសង់ព្រលានយន្តហោះនេះឲ្យបានច្បាស់លាស់ ៕
ដោយ៖ សូរិយា