ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល បណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត លើកលែងតែភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ។
ក្រោយមានសេចក្តីប្រកាសសម្រេចហាមឃាតការធ្វេីដំណេីរ កម្លាំងចម្រុះខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងពីសំណាក់លោក បេង ដាណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលដឹកនាំខណ្ឌច្បារអំពៅ , និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានដាក់គោលដៅហាមឃាត់នៅផ្លូវជាតិលេខ១ ព្រុំប្រទល់និងខេត្តកណ្តាលដេីម្បីហាមឃាត់យាន្តដែលឆ្លងកាត់។
បើតាមការអោយដឹងពីលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា អោយដឹងថា ៖ ដោយគោរពទៅតាមសេចក្តីសម្រេចថ្មីរបស់ប្រមុខរាជរដ្ឋាភិបាល បន្ថែមពីលើបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ គឺត្រូវអោយមានការបិទចរាចរណ៍ធ្វើដំណើរចេញចូលរាជធានីខេត្តបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រ នៃខេត្តមួយទៀត លើកលែងតែភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ។
នៅក្នុងសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាលដដែលនោះ ឃើញថា ក៏មានការលើកលែងក្នុងការហាមឃាត់ចរាចរណ៍ធ្វើដំណើរចេញចូលរាជធានីខេត្ត សម្រាប់ករណីចាំបាច់មួយចំនួនផងដែរ ។
ជាក់ស្តែងនៅចំណុចគោលដៅ អនុវត្តខាងលើ សមត្ថកិច្ចបានធ្វើការឃាត់គ្រប់យានយន្ត ឬយានជំនិះទាំងអស់ ដើម្បីសាកសួរនាំ លើកលែងតែរថយន្តកុងតឺន័រដឹកទំនិញធុនធំ រថយន្តពេទ្យរដ្ឋ-ឯកជន រថយន្តដឹកសំរាម ជាដេីម។ ការឃាត់សួរនាំនោះ បើរកឃើញថា អ្នកដំណើរទាំងនោះ ពិតជាមានភារកិច្ច និងកាតព្វកិច្ចចាំបាច់ក្នុងការធ្វើដំណើរឆ្លងចេញចូលរាជធានីខេត្តប្រាកដមែននោះទើបអនុញ្ញាត្តិអោយទៅបន្ត ប៉ុន្តែបើពិនិត្យឃើញថា មិនមានការចាប់បាច់ ពិសេសពុំមានប័ណ្ឌ ឬឯកសារគ្រប់គ្រាន់បញ្ជាក់ពីកាតព្វកិច្ចការងារនោះ បុគ្គលនោះនឹងត្រូវណែនាំអោយត្រឡប់ក្រោយវិញ មិនតម្រូវអោយចេញចូលទៅមកបាននោះឡើយ ។
ដូចនេះសូមបងប្អូនចូលរួមអនុវត្ត ទាំងអស់គ្នាដេីម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ៕
ដោយ៖សុខាសែនជ័យ