សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនបងប្អូនអតីតយុទ្ធជន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញចុះពិនិត្យយុទ្ធនាការ ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ជូនបងប្អូនអតីតយុទ្ធកម្ពុជា និងគ្រួសារទូទាំងប្រទេស នៅមន្ទីរពេទ្យព្រះកេតុមាលា ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថារដ្ឋាភិបាលកំពុងព្រួយបារម្ភខ្លាចអត់វ៉ាក់សាំងចាក់មិនខ្លាចអត់អ្នកចាក់នោះទេ ។

ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនេះ បានកំពុងប្រព្រឹត្តទៅយ៉ាង រលូន ហើយនឹងបន្តចាក់ជូនបងប្អូនទាំងអស់នៅទូទាំងប្រទេសជាបន្តបន្ទាប់នាពេលខាងមុខនោះ។

ថ្លែងនៅក្នុងឱកាស ដែលសម្តេចចុះត្រួតពិនិត្យ នៃយុទ្ធនាការចាក់វ៉ាក់សំាងជូនដល់អតីតយុទ្ធជន កម្ពុជាជាងប្រាំពីររយនាក់ជាលើកដំបូង នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ នេះសម្តេចពិជ័យសេនា ទៀ បាញ់បានលើកឡើងថា ក្រុមមួយចំនួនទៀត(ពួកប្រឆាំង) ដែលបានវាយប្រហារ និងរិះគន់នៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នាពេលបច្ចុប្បន្ននេះ នឹងដឹងខ្លួនពេលដែលពួកគេទៅណាមកណាមិនបានដោយសារតែគេតម្រូវ ឲ្យបញ្ជាក់លិខិតនៃការចាក់វ៉ាក់សាំងកូវីដ-១៩នោះ។ 

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនកម្ពុជាប្រមាណជាងប្រាំបីម៉ឺននាក់នៅទូទាំងប្រទេស នឹងធ្វើជាបន្ត បន្ទាប់ ខណៈថ្នាំបានដឹកទៅដល់តាមបណ្តាខេត្តមួយចំនួនជាបណ្តើរៗហើយនោះ  ហើយការផ្តល់ការចាក់ ជូនដល់អតីតយុទ្ធជនជាអាទិភាព ដូចកង កម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដទៃទៀតនោះ គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីសុខុមាលភាពរបស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានពលីជួយជាតិមាតុភូមិឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា នាពេលបច្ចុប្បន្ននេះ អតីតយុទ្ធជនកម្ពុជាមានប្រមាណជាងប្រាំបីម៉ឺននាក់ នៅទូទាំងប្រទេស ដោយនៅក្នុងនោះរាជធានីភ្នំពេញគឺមានចំនួនជាងប្រាំបីពាន់នាក់ហើយ ពួកគេនឹងត្រូវទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាអាទិភាពដូចមន្រ្តីរាជការ មន្រ្តីជួរមុខ និងមន្រ្តីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងដែរ។

ដោយឡែកសម្រាប់កងយោធពលខេមរភូមិន្ទ ប្រមាណជិតមួយរយភាគរយហើយ ដែលបានទទួលវ៉ាក់សាំងការពារមេរោគកូវីដ-១៩ នូវដូសទី១ និងប្រមាណជិត ៨០ភាគរយបានទទួលដូសទី ២ ខណៈក្រុមគ្រួសាររបស់ពួកគេ(កងទ័ព)បានកំពុងដំណើរការជាបន្តបន្ទាប់រហូត ដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ថា វ៉ាក់សាំងដែលសម្រាប់ធ្វើការចាក់ជូនដល់បងប្អូនកងទ័ព គឺជាវ៉ាក់សាំងប្រភេទស៊ីណូហ្វាមគឺមានចំនួន ៦០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិន ហើយសម្រាប់ចាក់ជូនដល់អតីតយុទ្ធជនគឺចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដែលកម្ពុជាបានទិញពីប្រទេសចិនកាលពីចុងខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ៕

          

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print