ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងថា កម្លាំងជំនាញនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវបង្ក្រាបករណីអំពើលួច និងទទួលបញ្ចាំផលនៃអំពើលួច ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២:០៦នាទី ស្ថិតនៅអគារចិនក្នុងក្រុមទី៤ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ លោកបានបន្តឱ្យដឹងទៀតថា នៅវេលាម៉ោងដូចខាងលើមានករណីលួចម៉ូតូកើតឡើង បង្កដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ចូលក្នុងបរិវេណអគារលួចយកម៉ូតូចំនួន២គ្រឿង (ម៉ូតូម៉ាក AIR BLADE ពណ៌ក្រហម+ខ្មៅ គ្មានស្លាកលេខ១គ្រឿង និងម៉ាក ម៉ាកVISION ពណ៌ស្ករ គ្មានស្លាកលេខ ១គ្រឿង) ។
ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ ឆេន ឆាត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខឯកជន បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើរួចមក កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងពិនិត្យតាមម៉ាសុីនចាប់រូបភាព អាចកំណត់បានអត្តសញ្ញាណជនសង្ស័យ។ រហូតមកដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣:០០នាទី ទើបកម្លាំងជំនាញបានឃាត់ខ្លួនមុខសញ្ញាសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូខាងលើកាលពី យប់មិញពិតប្រាកដមែន ហើយម៉ូតូដែលលួចបាននោះខ្លួនបានយកទៅដាក់បញ្ចាំឲ្យគេនៅម្តុំឧតុនិយមក្នុងក្រុមទី២៦ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។ ក្រោយពីបានសុំគោលការណ៍ពីថ្នាក់ដឹកនាំ កម្លាំងជំនាញបានបន្តតាមនីតិវិធី ចុះទៅធ្វើការឆែកឆេរនៅក្នុងហាងទទួលបញ្ចាំ ក៏ឃើញម៉ូតូដូចខាងលើនៅក្នុងហាង ដែលមានម្ចាស់ឈ្មោះ សោម សំណាង ភេទស្រី អាយុ២៨ឆ្នាំ និងបន្តធ្វើការត្រួតពិនិត្យរកឃើញម៉ូតូចំនួន១៩គ្រឿងទៀតដែលម្ចាស់ហាងទទួលបញ្ចាំដោយគ្មានលិខិតបញ្ចាក់ពី
អត្តសញ្ញាណម៉ូតូត្រឹមត្រូវ ក៏បានធ្វើការដកហូតយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ
ជាបណ្តោះអាសន្ន ដែលក្នុងចំណោមម៉ូតូទាំងនោះរួមមាន៖
-ម៉ាកAIR BLADE ចំនួន៣គ្រឿង
-ម៉ាកHONDA C125 ចំនួន៣គ្រឿង
-ម៉ាកWAVE ចំនួន៣គ្រឿង
-ម៉ាកNEX ១គ្រឿង
-ម៉ាកSCOOPYចំនួន៣គ្រឿង
-ម៉ាកZOOMER ចំនួន២គ្រឿង
-ម៉ាកVISION ចំនួន២គ្រឿង
-ម៉ាកLAP ១គ្រឿង
-ម៉ាកLEAD ១គ្រឿង
-ម៉ាកSIRIUS ១គ្រឿង
-ម៉ាកEXETER ១គ្រឿង
-ម៉ាកSMASH.V១គ្រឿង និងម៉ាសុីនកែច្នៃធ្វើសោម៉ូតូ១គ្រឿង។
ជនសង្ស័យមានឈ្មោះ៖
១-ឈ្មោះ អោង ណាង ភេទប្រុស អាយុ៣៩ឆ្នាំ (ជនដៃដល់) ។
២-ឈ្មោះ សោម សំណាង ភេទស្រី អាយុ២៨ឆ្នាំ (ទទួលបញ្ចាំផលនៃអំពើលួច) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ដោយ៖ ឆ្លាម សមុទ្រ