ភ្នំពេញ៖ ស្របពេលដែលពិធីបុណ្យចូលថ្នាំថ្មីប្រពៃណីជាតិជិតឈានចូលមកដល់នាពេលខាងមុខ តែត្រូវបានរំខានដោយសារជំងឺឆ្លងកូវីដ-១៩ដែលកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនោះ បានធ្វើឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីត្រូវអាក់ខានទៅវិញ ។
ទោះជាយ៉ាងណាក៏ដោយ ក៏ការងារសន្តិសុខនៅក្នុងមូលដ្ឋាន និងការងារសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ ត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌដាក់ចេញឱ្យអនុវត្តជាប្រចាំដើម្បីពង្រឹងការងារនេះឱ្យបានប្រសើរឡើងថែមទៀត ។
ជាថ្មីម្តងទៀត នៅវេលាម៉ោង១១ៈ៣០នាទី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោកអភិបាលខណ្ឌ ច្បារអំពៅបានធ្វើពិធីសំណេះសំណាលនិងផ្តាំផ្ញើដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៥០នាក់ ដោយបានចែកថវិកាដល់កម្លាំងសណ្តាប់ធ្នាប់សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីក្នុងម្នាក់ៗ ១០ម៉ឺនរៀល ។
ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានជំរុញឱ្យកងកម្លាំងសណ្តាប់ធ្នាប់ត្រូវចូលរួមពង្រឹងការងារសន្តិសុខនៅក្នុងមូលដ្ឋានឱ្យបានប្រសើរឡើងថែមទៀត ។ ស្របពេលនេះក្រុមការងារបច្ចេកទេសកំពុងចាក់អ៊ុតកៅស៊ូលើស្ពានព្រះមុនីវង្សចាស់ ដូច្នេះហើយសូមឱ្យកម្លាំងសណ្តាប់ធ្នាប់ត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចក្នុងការសម្រួលចរាចរណ៍នៅលើផ្លូវជាតិលេខ១ និងលើស្ពានព្រះមុនីវង្សថ្មីដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យធ្វើចរាចរណ៍បញ្ច្រាសទិសបណ្តោះអាសន្ន ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំបន្ថែមឱ្យកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្តជានិច្ចនូវវិធាន ៣កុំ ៣ការពារ យើងត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩កុំឱ្យរីករាលដាលចូលសហគមន៍ ។
ចប់ពិធីសំណេះសំណាលលោកអភិបាលខណ្ឌបានផ្តល់ថវិកាជូនក្នុង
ម្នាក់ៗ១០ម៉ឺនរៀល សម្រាប់បុណ្យចូលថ្នាំថ្មីប្រពៃណីជាតិ ៕
ដោយ៖ សណ្តោស