ភ្នំពេញ, រដ្ឋលេខាធិការក្រសួងយុត្តិធម៍ លោក គឹម សន្តិភាព បានថ្លែងថា, ការសម្រេចរបស់តំណាងអយ្យការក្នុងការអនុញ្ញាតិអោយឈ្មោះ ភឿង ភិរៈ អោយមានសេរីភាព ក្រោយពីការឃាត់ខ្លួន គឺអនុវត្តតាមមាត្រា១០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ!
លោកបន្តថា, ករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតបឋមបន្តរបស់តំណាងអយ្យការ!។
យោងតាមមាត្រា១០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ! បានចែងថា, ការបញ្ជូនខ្លួនបុគ្គលដែលត្រូវបានឃាត់ខ្លួន នៅពេលផុតកំណត់នៃរយៈពេលឃាត់ខ្លួន បុគ្គលដែលត្រូវបានឃាត់ខ្លួននោះត្រូវ
– បញ្ជូនខ្លួនទៅព្រះរាជអាជ្ញា ឬ
– ដោះលែងឱ្យ មានសេរីភាពឡើងវិញ។
សេចក្តីសម្រេចនេះធ្វើឡើងដោយព្រះរាជអាជ្ញា ។
ដោយឡែកអ្នកនាំពាក្យអយ្យការបានចេញសេចក្តីប្រកាសព័ត៌មានថា, អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណៈ ជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន ទទួលសំណុំរឿងពីមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងឈ្មោះ ភឿង ភិរៈ បានបាញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ នៅចំណុចខាង មុខធនាគារ ABA មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ក្រោយពីបានសាកសួរលើឈ្មោះ ភឿង ភិរះ និងបាន ពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញាបានដោះលែងឈ្មោះ ភឿង ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សុខ ខេមរា