ខេត្តកំពត៖ នៅព្រឹកថ្ងៃទី០៥មីនា ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “ អង្គការភូមិកុមារ SOS” ដែលមានទីតាំងស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
អង្គការភូមិកុមារ SOS នេះ ជាអង្គការដែលមានបេសកកម្ម ជួយលើកកំពស់សុខុមាលភាពរបស់កុមារ រួមទាំងការរស់នៅ និងការអប់រំ ដើម្បីអោយកុមារមានលទ្ឋភាពនិងឱកាសដូចកុមារដទៃៗទៀតក្នុង សង្គម។។ អង្គការ SOS កំពុងមានបេសកកម្មក្នុងប្រទេស ចំនួន១៣៣ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈការបង្កើតអង្គការ SOS នេះពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈសកម្មភាពរបស់ ក្រសួងសង្គមកិច្ចអតីតយុទ្ឋជន និងយុវនីតិសប្បទា ក្នុងការជួយដល់កុមារកំព្រាកម្ពុជា អោយទទួលបានការរស់នៅ ការអប់រំ ការការពារសិទ្ឋិសេរីភាព ដើម្បីធ្វើអោយការអភិវឌ្ឍន៌របស់ពួកគេកាន់តែមានភាពល្អប្រសើរ។
ដើម្បីផ្តល់ការអប់រំកម្រិតមធ្យមនៅក្នុងភូមិកុមារនេះ សម្តេចតេជោ បានឯកភាពផ្តល់ដីមួយកន្លែងដើម្បីសង់វិទ្យាល័យមួយនៅទីនេះ។ ទន្ទឹមនិងនេះ ប្រសិនបើខេត្តណាចង់បានសេវាកម្មអង្គការ SOS នៅតាមបណ្តាខេត្តរបស់ខ្លួន សូមត្រៀមដីសំរាប់បង្កើតជាភូមិកុមារ និងបង្កើតជាសាលាជាដើមហើយ ទំនាក់ទំនងមកកាន់ SOS។
សម្តេចតេជោ ហ៊ុន សែន ក៏រំលឹកថា ថ្វីថ្បិតតែសម្តេច រស់នៅពីតូចមានឨពុកម្តាយក៏ពិតមែន តែការរស់នៅរបស់សម្តេចគឺមិនខុសពីការរស់នៅរបស់កុមាកំព្រានោះទេ ពីព្រោះកាលពីសម្តេចអាយុ១៣ ឆ្នាំ គឺត្រូវរស់នៅក្នុងជីវភាពលំបាកទៅរស់នៅ និងសិក្សារៀនសូត្រក្នុងវត្តអារាមដែលធ្វើអោយសម្តេចបាន យល់ពីសុខទុក្ខជីវិតក្មេងកំព្រា។ សម្តេចតេជោតែងគិតថា ពេលណាសម្តេចមានឱកាសគឺនឹងសាសង់ សាលារៀនអោយបានច្រើនដើម្បីអោយកុមារទទួលបានការអប់រំ។ មានសាលារៀនដែលសម្តេចបាន សង់គឺមានចំនួនរាប់ម៉ឺនខ្នងនៅទូទាំងប្រទេស។ សូមក្មួយៗ ចៅៗ កុមារទាំងអស់ខិតខំរៀនសូត្រ ដើម្បីជីវិត និងអនាគតអនាគត។
មុននឹងបញ្ចប់ពិធី សម្តេចតេជោ ក៏បានអញ្ចើញបំពាក់គ្រឿងឥស្សរិយយស ដល់ប្រធានអង្គការ SOS និងសប្បុរសជនមួយចំនួនទៀត និងកាត់ខ្សែបូរ ដាក់អោយដំណើរអង្គការនេះពីថ្ងៃនេះតទៅ ព្រមទាំងបានជួយផ្គត់ផ្គង់ដល់គរុសិស្ស និងនិស្សិតពេទ្យខេត្តកំពតទាំងអស់បានទៅទស្សនាកំសាន្តនៅខេត្ត សៀមរាប និងបានថតរូបអនុស្សាវរីយ៍ជាមួយប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងបរិយាកាសស្និទ្ឋស្នាលរីក រាយបំផុត៕
ដោយ៖ សុវណ្ណារ៉ា






















