រៀបការជាមួយគូដណ្ដឹង មកផ្សំដំណេកជាមួយសង្សារកំណាន់ចិត្ត

ចែករំលែក៖

ភ្នំពេញៈ ពិតជាមានរឿងចម្លែកៗកើតមាននៅក្នុងសង្គម ពិសេសជីវិតស្នេហាឯកជននេះតែម្ដង គ្មានបុគ្គល ណាម្នាក់អាចជ្រៀតជ្រែកចូលនៅក្នុងទឹកចិត្ត បេះដូងនៃក្ដីស្រឡាញ់រវាងបុគ្គលម្នាក់ៗបានទេ។ ម្យ៉ាងទៀត ឪពុកម្ដាយអាចផ្ដល់កំណើតឲ្យកូនបាន ប៉ុន្តែមិនអាចបង្ខំចិត្តកូនតាមខ្លួនឯងបានទេ។ ជាក់ស្ដែងកន្លងទៅថ្មីៗ​នេះអ៊ុំស្រីចំណាស់ម្នាក់ បានបាត់កូនពីផ្ទះ បន្ទាប់ពីមង្គលការត្រូវបានបញ្ចប់ ធ្វើឲ្យកូនកម្លោះដែលទន្ទឹងរង់ចាំ​រាត្រីទឹកឃ្មុំ មិនត្រឹមតែក្លាយទៅជារាត្រីទឹកខ្មេះប៉ុណ្ណោះទេ គឺស៊យប្រៀបដូចលិឍអំបិលក្នុងពាង។

ស្ត្រីឈ្មោះ យ៉ាន ហួន វ័យ៦៤ឆ្នាំ បានមកប្ដឹងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍រកកូនស្រីរបស់គាត់ ដែលបាត់​ខ្លួនរត់គេចចេញពីផ្ទះបន្ទាប់ពីរៀបការហើយថ្មីៗក្នុងថ្ងៃទី០២-០៣ ខែមីនា ឆ្នាំ២០១៦ ជាមួយនិងកូនកម្លោះ​ឈ្មោះ ឈុំ សម្ផស្ស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ៍ ខេត្តព្រៃវែង ទុកឲ្យកូនកម្លោះរូបនេះគេងឱបខ្នើយឱបតែម្នាក់ឯង។

ស្ត្រីខាងលើបានរៀបរាប់ថាៈ​ កូនស្រីរបស់គាត់មានឈ្មោះ ហឹម ស្រីរ័ត្ន អាយុ២១ឆ្នាំ ធ្លាប់មានទំនាក់ទំនងគ្នា​ផងដែរជាមួយនិងបុរសម្នាក់ឈ្មោះ យ៉ែត យ៉ត ហៅអាយ៉ត អាយុ២២ឆ្នាំ ស្នាក់នៅភូមិបឹងក្រពើ សង្កាត់ស្ទឹង​មានជ័យ ខណ្ឌមានជ័យ ។ ដូច្នេះពេលដែលបាត់កូនស្រីរបស់គាត់ក៏សង្ស័យថា កូនស្រីអាចនិងទៅរស់នៅ​ជាមួយគ្នាទើបប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

សមត្ថកិច្ចបានឲ្យដឹងថា​ នៅវេលាម៉ោង១៧និង០០នាទីល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីទទួលបាន​ពាក្យបណ្ដឹងពីស្ត្រីចំណាស់ខាងលើ ក៏បានចាត់វិធានការចុះសើបអង្កេតស្រាវជ្រាវ ព្រមទាំងសួរនាំបុរសរូប​នោះ គេក៏មានភាពក្លាហាននិងចូលរួមសហការជាមួយសមត្ថកិច្ចដោយបញ្ជាក់ថា កូនក្រមុំបានរស់នៅជា​មួយគេឯបន្ទប់ជួលលេខ៤២ ផ្លូវបេតុង ចំណុចទួលពង្រ ភូមិដីថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ខាងស្រីបានបង្ហាញពីទឹកចិត្ត ស្រឡាញ់ទៅលើបុរសជាសង្សារ ហើយសមត្ថកិច្ចក៏បាន ឲ្យនារីរូបនោះត្រឡប់​ទៅជាមួយនិងម្ដាយវិញ ប៉ុន្តែគេពុំទាន់ដឹងថា មានចំណាត់ការបែបណាទៅលើបុរសជាសង្សារ បើខាងស្រីក៏​បានបង្ហាញពីការស្រឡាញ់ស្ម័គ្រស្មោះ មិនគិតពីទំនៀមទំលាប់ប្រពៃណី ដោយចិត្តនិងចិត្តនោះ៕ដោយ៖ សុខ ខេមរា

...

IMG_2409

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print