ខេត្តបាត់ដំបង៖ ក្រោយពីទទួលបានព័ត៌មានថា អ្នកភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅដល់មូលដ្ឋាននោះ ។ ភូមិបឹងទឹម ជាភូមិមួយស្ថិតនៅក្នុងតំបន់ព្រៃរនាម បឹងទន្លសាប ។ កាលពីខែតុលា ឆ្នាំ ២០១៥ កន្លងទៅ ភូមិនេះបានប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ម្តងរួចមកហើយ ។ ជាដំណោះស្រាយនៅពេលនោះ គឺក្រសួងបានតម្លើងម៉ាសុីនបូមទឹកខ្នាតមធ្យម ០២ គ្រឿង ដើម្បីប្រមូលទឹកស្តុកទុកក្នុងអាងទឹកបាដាក ( ចាប់ពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ ដល់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៦ ) បន្ទាប់មក ក្រសួងបាន បង្ហូរទឹកចេញពីអាង ឲ្យហូរតាមប្រឡាយ ( ១២ គីឡូម៉ែត្រ ) ទៅបំពេញតួស្ទឹងចាស់ និងបឹងបួ តំបន់ទំនាបនានាដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិបឹងទឹម ។ វិធានការនេះ បានធ្វើឲ្យបងប្អូនមានទឹកប្រើប្រាស់មកដល់សព្វថ្ងៃ និងសម្រាប់បន្តប្រើប្រាស់នៅពេលខាងមុខ ។
តើពាមផ្សោតជាអ្វី ? មានទីតាំងនៅឯណា ? ហេតុអ្វីបានជាខ្វះទឹកប្រើប្រាស់ ?
ពាមផ្សោត ជាតំបន់នេសាទមួយ ស្ថិតនៅជិតបឹងទន្លេសាប មានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ ពីភូមិបឹងទឹម។ នៅរដូវវស្សា តំបន់នោះលិចទឹកពី ៥-៨ ម៉ែត្រ ។ ប៉ុន្តែ ដោយសារតំបន់នោះសម្បូរព្រែក អូរ បឹងបួធម្មជាតិ ដែលជាជម្រកមច្ឆាជាតិគ្រប់ប្រភេទ ដូចនេះហើយ បានជា ពាមផ្សោត ទាក់ទាញប្រជាជន ពីតំបន់ខាងលើ ឲ្យចុះទៅតាំងទីលំនៅនៅតំបន់នោះ ដើម្បីប្រកបរបរនេសាទ ហើយការនេសាទចុងក្រោយគឺបូមបាចពង្រីង ដើម្បីប្រមូលចាប់ទាំងអស់តែម្តង !
យោងតាមស្ថានភាពភូមិសាស្ត្រនេះ ពិតណាស់ថា គេមិនអាចវិនិយោគហេដ្ឋារចនាសម័្ពន្ធសង្គម ឬផ្តល់នូវសេវាសាធារណៈនានា ដើម្បីលើកកំពស់សុខមាលភាព កម្រិតជីវភាព ការអប់រំ ។ល។ ដល់អ្នកពាមផ្សោតឲ្យប្រសើរឡើងបានទេ ។ សំណួរ តើក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេស អាជ្ញាធរខេត្តបាត់ដំបង គួរផ្តល់ដីសម្បទានសង្គមកិច្ច នៅទីតាំងសមស្របណាមួយ ឬក៏បន្តទុកឲ្យពួកគាត់រស់នៅតាមយថាកម្មរបៀបនេះបន្តទៀត?











