ប្រទេសថៃ៖ សេចក្តីរាយការណ៍ពីអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ ប្រាប់ឱ្យដឹងថា អាជីវករ ខ្មែរ ប្របកមុខរបរនៅផ្សាររ៉ុងក្លឿ បាននាំគ្នាជ្រួលច្របល់ភ័យស្លន់ស្លោ គ្រាដែលឃើញ សមត្ថកិច្ចថៃ គេប៉ាន់ប្រមាណមានជាង២០០នាក់អាវុធគ្រប់ដៃ និងមាន ទាំងតុលាការចូលរួមផង បាន ចុះ មកបង្ក្រាបទំនិញរំលោភកម្មសិទ្ធិបញ្ញា ខុសច្បាប់របស់អាជីវករខ្មែរ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៦ ។
សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ប្រតិបត្តិការរបស់សមត្ថកិច្ចថៃធ្វើឡើងនៅថ្ងៃនេះ មានលក្ខណៈទ្រង់ទ្រាយធំ ខុសពីថ្ងៃធម្មតា ដើម្បីបង្ក្រាបឱ្យអស់ទំនិញក្លែងម៉ាក រំលោភកម្មសិទ្ធិបញ្ញា នៅក្នុងផ្សាររ៉ុងក្លឿប្រទេសថៃ ដែលមានអាជីវករខ្មែរប្រហែល៩០ភាគ រយកំពុង ប្រកបមុខលក់ដូរទំនិញនៅទីនោះ ។
សេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថា ចាប់តាំងពីព្រឹករហូតដល់រសៀលថ្ងៃដដែលនេះ គឺសមត្ថកិច្ចថៃ បានគាស់សោឃ្លាំង និងផ្ទះល្វែងដែលគេសង្ស័យថាស្តុកទំនិញក្លែងម៉ាក របស់អាជីវករខ្មែរបង្ក្រាបអស់ចំនួនប្រហែល៨ឃ្លាំងនិងផ្ទះល្វែង នៅចំណុចផ្សារឥណ្ឌូចិន ។ ទំនិញទាំងនោះ ត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តកង់១០ជិត២០រថយន្ត ។ ទំនិញដែលបង្ក្រាបត្រូវគេរាយការណ៍ឱ្យដឹងអាចនិងមានតម្លៃរហូតដល់រាប់សែនដូល្លារ ។
សកម្មភាពរបស់សមត្ថកិច្ចថៃចុះបង្ក្រាបទំនិញល្មើសច្បាប់នោះដែរត្រូវគេមើលឃើញថា បានដាក់កម្លាំងពង្រាយពេញផ្សារុងក្លឿហើយអាជីវករខ្មែរភាគច្រើននៅផ្សាររុងក្លឿនាំគ្នាបិទតូបអស់ ថែមទាំងមានអារម្មណ៍ភិតភ័យខ្លាចសមត្ថកិច្ចថៃមកកាត់សោតូប ។
សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ការបង្ក្រាបទំនិញរំលោភកម្មសិទ្ធិបញ្ហានៅផ្សាររ៉ុង ក្លឿមកដល់រសៀលថ្ងៃទី៥ ដដែល សមត្ថកិច្ចថៃមិនទាន់ឃាត់ខ្លួនអាជីវករខ្មែរម្ចាស់ទំនិញ ណាម្នាក់នៅឡើយនោះទេអាជីវករខ្មែរម្ចាស់ទំនិញទាំងនោះនាំគ្នារត់គេចខ្លួន ។ ទំនិញក្លែងម៉ាក រងការបង្ក្រាបរួមមានខ្សែក្រវ៉ាត់ ស្បែកជើង នាឡិកា កាបូប សម្លៀកបំពាក់ ទឹកអប់ និងទំនិញមួយចំនួនទៀតជាដើម ។
ជុំវិញនៃការបង្ក្រាបទំនិញរំលោភកម្មសិទ្ធិបញ្ញានៅផ្សាររ៉ុងក្លឿ លោក វួច អូន ប្រធានគណៈកម្មការប្រចាំច្រកអន្តរជាតិប៉ោយប៉ែតបានប្រាប់ឱ្យដឹងថា នៅថ្ងៃនេះ ពិតជាមាន សមត្ថកិច្ចថៃចុះមកបង្ក្រាបទំនិញរំលោភកម្មសិទ្ធិបញ្ញារបស់អាជីវករខ្មែរ នៅផ្សាររ៉ុងក្លឿនោះមែន ។ ទន្ទឹមនោះលោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានចូលទៅផ្សាររ៉ុងក្លឿដើម្បីសម្រុះសម្រួលជាមូយនិងភាគីថៃ ក៏ ន្តែគេមិនទាន់ដឹងថាមានលទ្ធផលយ៉ាងណានោះទេ ។
លោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់តាមទូរស័ព្ទឱ្យដឹងថា លោកបានចុះទៅសម្របសម្រួលជាមួយនិងភាគិថៃនោះមែន ក៏ប៉ុន្តែភាគីថៃគេមិននិយា សម្របសម្រួលជាមួយយើងនោះទេ ដោយការបង្ក្រាបនោះក្រុមការងារថ្នាក់ជាតិរបស់ថៃដែល មានច្រើនស្ថាប័នចុះមកបង្ក្រាប អនុវត្តតាមបន្តឹងរបស់ក្រុមហ៊ុនដែលគេប្តឹងឱ្យមានការបង្ក្រាប ទំនិញរំលោភកម្មសិទ្ធិបញ្ញាខុសច្បាប់ ទោះបីអភិបាលខេត្តស្រះកែវក៏មិនហ៊ានចេញមុខ មកជួយសម្រប សម្រួលបាននោះផងក្នុងករណីនេះ ។
លោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបញ្ជាក់ប្រាប់ទៀតថា នៅរសៀល ថ្ងៃនេះ សមត្ថកិច្ចថៃកំពុងបន្តគាស់តូបអាជីវករខ្មែរដែលគេសង្ស័យស្តុកទំនិញរំលោភកម្ម សិទ្ធិបញ្ញា ក្រោយពីបង្ក្រាបចំនួន៤តូបមកហើយ ។
សូមបញ្ជាក់ថាការបង្ក្រាបទំនិញរំលោភកម្មសិទ្ធិបញ្ញាខុសច្បាប់របស់អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿសមត្ថកិច្ចថៃបានចុះបង្ក្រាបម្តងរួចមកហើយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ ដែលបង្កឱ្យមានការប៉ះដង្គិចគ្នា ឈានដល់ប្រើអំ ពើហិង្សាដាក់គ្នារវាង អាជីវករ ខ្មែរនិងតម្រួតថៃនៅពេលនោះផងដែរ។ក្រោយពីអំពើហិង្សានោះហើយ អាជីវករ ខ្មែរ៣នាក់ រងការចាប់ខ្លួនពីសមត្ថកិច្ចថៃ ។ អនុវត្តតាមផ្លូវច្បាប់ របស់តុលាការដាក់ ពន្ធនាគារ ២នាក់ និងដាក់ឱ្យនៅក្រៅ ឃុំ១នាក់ក្រោមការធានាបង់ប្រាក់ ៕






ដោយ៖ សំ វិច្ឆិកា










