នៅថ្ងៃទី១០ខែមេសា ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា បានផ្សាយថា ក្រុមឧទ្ទាមជនជាតិភាគតិចប្រដាប់ដោយអាវុធបានវាយប្រហារទីតាំងប៉ូលិសនៅក្នុងរដ្ឋ Shan បណ្តាលឱ្យមនុស្ស១០នាក់ស្លាប់។ ក្រុមឧទ្ទាមជនជាតិភាគតិច បានគាំទ្រក្រុមបាតុករប្រឆាំងរដ្ឋាភិបាលយោធា ។
ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងប៉ូលិសនៅក្នុងតំបន់ Naungmonរដ្ឋ Shan រងការវាយប្រហារ នៅព្រឹកថ្ងៃទី១០ ខែមេសា។ ការវាយប្រហារបង្កឡើងដោយ ក្រុមទាហានជនជាតិភាគតិច Arakan ជាកម្លាំងទាហានរំដោះជាតិ Ta’ang និងកម្លាំងទាហានសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា។
សារព័ត៌មាន Shan News បានផ្សាយថា យ៉ាងហោចណាស់មានកម្លាំងប៉ូលិស១០នាក់ស្លាប់ ។ ចំណែកសារព័ត៌មាន Shwe Phee Myay បានផ្សាយថា ចំនួនអ្នកស្លាប់គឺមានដល់១៤នាក់ ។
សហគមន៍អន្តរជាតិបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមស៊ីវិលកើតឡើងនៅក្នុងប្រទេសនេះ ខណៈកម្លាំងទាហានជនជាតិភាគតិចបានរួមជាមួយក្រុមបាតុករប្រឆាំងយោធា បង្កើតទៅជាកម្លាំងខ្លាំង ដើម្បីវាយប្រហារទៅលើកម្លាំងទាហាន ។
មកទល់ពេលនេះមានពលបាតុករជាង ៦០០នាក់ហើយបានស្លាប់និងជិត ៣០០០នាក់ត្រូវកម្លាំងទាហានចាប់ខ្លួន ។ ក្រុមបាតុករបានច្នៃអាវុធ ដើម្បីតបតជាមួយកម្លាំងទាហាន៕ ដោយ សាធី
រូបភាព៖ Reuters