ព័ត៍មានលម្អិតៈ ក្រុមចោរមួយក្រុមប្រដាប់ដោយអាវុធវែង,ខ្លីគ្រប់ដៃចូលភ្ជង់ប្លន់ផ្ទះថៅកែទិញដំឡូងមីនៅស្រុកស្នួល

ចែករំលែក៖

ខេត្តក្រចេះ៖ ក្រុមចោរមួយក្រុម ប្រដាប់ដោយអាវុធវែង,ខ្លី បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ ផ្ទះថៅកែទិញដំឡូងមី នៅចំនុចគីឡូម៉ែត្រលេខ១០៩ ជាប់និងផ្លូវជាតិ៧៦ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៥ខែមីនា ឆ្នាំ២០១៦ ។ ក្នុងសកម្មភាពភ្ជង់ប្លន់របស់ជនសង្ស័យ ប្រដាប់ដោយអាវុធវែង,ខ្លី គឺពួកគេបានធ្វើសកម្មភាពភ្ជង់ ជនរងគ្រោះជាម្ចាស់ផ្ទះ ហើយបានប្រមូលទ្រព្យសម្បត្តិ មួយចំនួនធំ រួចនាំគ្នារត់គេចខ្លួនបាត់ ។

នគរបាលស្រុកស្នួលបានឲ្យដឹងថា ជនសសង្ស័យក្នុងសកម្មភាពភ្ជង់ប្លន់នេះ គឺមានគ្នា៣នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ អាវុធវែង២ដើម និងអាវុធខ្លី១ដើម បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ ផ្ទះពលរដ្ឋជាអ្នកប្រកបរបរទិញដំឡូងមី នៅក្នុងឃុំ២ធ្នូ ស្រុកស្នួល តែក្នុងសកម្មភាពនោះគឺក្រុមចោរ មិនបានបាញ់គំរាម ឬចាប់ជនរងគ្រោះម្ចាស់ផ្ទះវាយ បង្កឱ្យមានរបួសស្នាមនោះទេ ។

យ៉ាងណាក៏ដោយក្នុងសកម្មភាព បាញ់ប្លន់ពីសំណាក់ក្រុមចោរប្រដាប់ដោយអាវុធគ្រប់ដៃ គឺបានកើតឡើងជាលើកទី២ហើយ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ក្នុងនោះកាលពីយប់ ថ្ងៃទី១២ខែកុម្ភៈ ក៏មានករណីប្លន់ ផ្ទះពលរដ្ឋជាអ្នកប្រកបរបរទិញដំឡូងមីដូចគ្នា នៅចំនុចភូមិអូរតាញាណ ក្នុងឃុំស្រែចារ ស្រុកស្នួល ហើយក្រុមចោរបានបាញ់គំរាមម្ចាស់ផ្ទះ ហើយចាប់ម្ចាស់ផ្ទះវាយបណ្តាលឱ្យរបួសធ្ងន់ ។ ជាងនេះទៅទៀតក្រុមចោរ ក៏បានធ្វើសកម្មភាពបាញ់រះ មកលើនគរបាលបណ្តាលឱ្យរបួស២នាក់ ហើយក្រុមចោរទាំងនោះបានរត់គេចចូលព្រៃបាត់ទៅ ។

អធិការនគរបាលស្រុកស្នួល លោក ចាន់ សុខគីម បានឱ្យដឹងថា ជាមួយនិងសកម្មភាពចូលភ្ជង់ប្លន់ គឺក្រុមចោរមានគ្នាបីនាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ អាវុធវែង២ដើមនិងខ្លី១ដើម បានធ្វើសកម្មភាពចូលប្លន់ផ្ទះជនរងគ្រោះជាអ្នកទិញដំឡូងមី ឈ្មោះ ណាំ គឹមហេង អាយុ៥៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។ ក្នុងនោះទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដែលត្រូវបាត់បង់ រួមមានខ្សែរដៃ១ខ្សែរ ជញ្ជៀនមួយវង់ និងលុយជាង៩០សឹមលានរៀល ។

លោកអធិការបានបញ្ជាក់ថា ពេលនេះកម្លាំងជំនាញកំពុងតែចុះធ្វើការស្រាវជ្រាវរកមុខសញ្ញា ហើយកម្លាំងជំនាញក៏បានកំណត់លើមុខសញ្ញាសង្ស័យបានត្រួសៗទៅហើយដែរ។ លោកថា ក្រុមចោរប្រដាប់ដោយអាវុធទាំងនេះ អាចជាក្រុមតែមួយដែលបានធ្វើសកម្មភាពប្លន់ផ្ទះពលរដ្ឋ កាលពីដើមខែកុម្ភៈឆ្នាំ២០១៦កន្លងទៅនេះ ៕កោះទ្រុង

...

image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print