ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋធ្លាប់មានការពាក់ព័ន្ធជាមួយអាជីវករជាអ្នកលក់ដូរ និងអ្នកដើរផ្សារទៅ «ផ្សារស្ទឹងមានជ័យ (ចាស់)» សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ និងប្រជាពលរដ្ឋ ដែលបានទៅទទួល សេវាសុខភាព នៅបន្ទប់ពិគ្រោះជំងឺ គ្រួសារមហាសែនសុខ មានទីតាំង ស្ថិតនៅ ផ្ទះលេខ ៥០២ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមេសា គួរតែឆាប់ទៅធ្វើតេស្តសុខភាព រកមេរោគកូវីដ-១៩ ជាបន្ទាន់ ព្រោះអ្នក ជំងឺកូវីដ១៩ ធ្លាប់បានទៅដើរផ្សារ ស្ទើររៀងរាល់ថ្ងៃ និងទៅទទួលសេវាសុខភាព នៅទីនោះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ន និងសូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅផងដែរ សម្រាប់អ្នកលក់ដូរ និងអ្នកដើរផ្សារនៅ «ផ្សារស្ទឹង មានជ័យ(ចាស់)» សង្កាត់ស្ទឹងមានជ័យ គួរទៅធ្វើតេស្តរកកូវីដ ឱ្យបានទាំងអស់គ្នាហើយដាក់ ខ្លួនឲ្យនៅ ដាច់ដោយឡែក ប្រសិនបើមានអាការៈ មិនស្រួលខ្លួន។
ទន្ទឹមនឹងនេះ បើបងប្អូនណាមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគនិងសូមអញ្ជើញទៅតេស្ត កូវីដ នៅមន្ទីរពេទ្យខេត្ត ដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹង ត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែល អាចធ្វើបាន ហើយសម្រាប់ពត៌មា នបន្ថែម សូមទាក់ទងលេខ ១១៥។
សូមជម្រាបថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេច ភ្ជាប់អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន ទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើ តេស្តសុខភាព រួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួន ឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ ការរីករាលនៃ ជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ ទាំងមូល៕ដោយ៖សហការី