ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវយ៉ាងទទូចដល់អាជីវករលក់ដូរទំនិញទាំងអស់នៅក្នុងរាជធានីភ្នំពេញ កុំឆ្លៀតឱកាសឡើងថ្លៃទំនិញ គ្រាដែលកម្ពុជាកំពុងផ្ទុះជំងឺកូវីដ-១៩ ហើយតំបន់មួយចំនួនត្រូវបានបិទខ្ទប់ (LockDown)។
លោក ឃួង ស្រេង បានលើកឡើងថា គ្រាដែលកម្ពុជា ពិសេសរាជធានីភ្នំពេញ បាននិងកំពុងតែផ្ទុះជំងឺកូវីដ-១៩ រីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយប្រជាពលរដ្ឋបានរងនូវផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច ដូច្នេះប្រសិនបើអាជីវករមួយចំនួន ឆ្លៀតឱកាសឡើងថ្លៃទំនិញទៀតនោះ គឺកាន់តែធ្វើឲ្យមានផលប៉ះពាល់កាន់តែខ្លាំងថែមទៀត។
លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវយ៉ាងទទូចដល់អាជីវករលក់ដូរទំនិញ ពិសេសអាជីវករលក់គ្រឿងឧបភោគ បរិភោគ សូមមេត្ដាកុំឆ្លៀតឱកាសឡើងថ្លៃទំនិញ គ្រាដែលយើងកំពុងតែជួបនូវការលំបាកប្រឈមជាមួយជំងឺកូវីដ-១៩ ដូចពេលបច្ចុប្បន្ន។ យើងដឹងហើយថា ដំណាក់កាលនេះប្រជាពលរដ្ឋជាច្រើនបានរងនូវការប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច ដូច្នេះបើបងប្អូនអាជីវករឆ្លៀតឱកាសឡើងថ្លៃទំនិញ ទៀតនោះ គឺកាន់តែធ្វើឲ្យប្រជាពលរដ្ឋយើងជួបការលំបាកថែមទៀត សូមមេត្តាយោគយល់លើបញ្ហា»។
ដោយសារតែរាជធានីភ្នំពេញ បានផ្ទុះនូវការរីករាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ អាជ្ញាធររាជធានីភ្នំពេញ បាន សម្រេច LockDown តំបន់មួយចំនួន និងបិទផ្សារជាច្រើនផ្សេងទៀតជាបណ្ដោះអាសន្នផងដែរ ដោយ សារតែមានការពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ-១៩៕
ដោយ៖ សំរិត