ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់យកមកសាកសួរបន្ទាប់ពីមានជម្លោះជាមួយប្ដីហើយបានប្រើហិង្សាយកទួណឺវីសមកចាក់ចំដើមទ្រូងប្តីបណ្ដាលឱ្យស្លាប់បង្កការភ្ញាក់ផ្អើលទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់
ថ្ងៃទី១២ខែមេសាឆ្នាំ២០២១នៅចំណុចភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ស្ត្រីសង្ស័យជាប្រពន្ធមានឈ្មោះ សុខ សារ៉ាត់ អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឫស្សីជួរខាងជើង ឃំុក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះជាប្ដីមានឈ្មោះ ធឹម សំណាង ហៅធុង អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជាប្ដីបានផឹកស្រាស្រវឹងហើយក៏បានមានជម្លោះឈ្លោះប្រកែកគ្នាជាមួយប្រពន្ធនៅផ្ទះរបស់ខ្លួនយ៉ាងខ្លាំងរហូតដល់ផ្អើលអ្នកភូមិ។
ប្រភពបន្តថា ក្រោយមកបុរសជាប្ដីក៏បានដើរមកលេងផ្ទះអ្នកភូមិឈ្មោះញឹម ធាង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ ដែលរស់នៅភូមិឃំុជាមួយគ្នា ប៉ុន្តែស្ត្រីជាប្រពន្ធក៏បានដើរមករករឿងឈ្លោះប្រកែកគ្នាម្ដងទៀត ហើយខណៈនោះស្រាប់តែយកទួណឺវីសមកចាក់ចំទ្រូងប្ដីបណ្ដាលឱ្យប្រកាច់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែជនសង្ស័យជាប្រពន្ធនិងជនរងគ្រោះពេលផឹកស្រាស្រវឹងគឺតែងតែមានការឈ្លោះប្រកែកគ្នាជាប្រចាំមិនលស់ថ្ងៃឡើយ។
សពក្រោយពីសមត្ថកិច្ចពិនិត្យនិងធ្វើកំណត់ហេតុរួចបានប្រគល់ឱ្យបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកស្ត្រីដៃដល់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕
ដោយ៖ យឹម សុថាន