ដកហូតអាល់កុលក្លែងក្លាយ ៨៤៦លីត្រ ដាក់លក់នៅឱសថស្ថានទិព្វ១ ក្រុងបាត់ដំបងយកទៅកម្ទេចចោល

ចែករំលែក៖

ខេត្តបាត់ដំបង៖   មន្រ្តីការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដីចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញដែលមានដាក់តាំងលក់នៅតាមផ្ទះមុនចូលឆ្នាំខ្មែរ ជាពិសេសតាមឱសថស្ថានរងនានា។
ក្នុងការត្រួតពិនិត្យនេះ កម្លាំងជំនាញបានរកឃើញអាល់កុលក្លែងក្លាយ ដែលមានសារធាតុ (មេតាណុល) មានចំនួន ៨៤៦លីត្រ ដែលបានដាក់តាំងលក់នៅ ឱសថស្ថានទិព្វ១ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង។

ប្រធានសាខា ក.ប.ប ខេត្តបាត់ដំបង លោក ហាក់ សុខរិនបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងរបស់លោកបានត្រួតពិនិត្យ និងធ្វើតេស្តអាល់កុល ដែលបានដាក់លក់នៅតាមឱសថស្ថានរងនានាចំនួន ៥ទីតាំង នៅក្រុងបាត់ដំបងរួមមានទី១៖ ឱសថស្ថានសង់ត្រាល់, ទី២៖ ឱសថស្ថានមហាទេព, ទី៣៖ ឱសថស្ថានទិព្វ១, ទី៤៖ ឱសថស្ថានសង្កែ និងទី៥៖ ឱសថស្ថានឌីយ៉ាម៉ង់។
លោកប្រធានបន្តថា ជាលទ្ធផល បានរកឃើញអាល់កុលក្លែងក្លាយដែលមានសារធាតុ (មេតាណុល) នៅឱសថស្ថានទិព្វ១ ដែលមានអាស័យដ្ឋានភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងចំនួន ២៧កានស្មើនឹង៨១០លីត្រ និង៧២ដប ស្មើនឹង ៣៦លីត្រ សរុបចំនួន ៨៤៦លីត្រ។

លោក ហាក់ សុខរិន បានបញ្ជាក់ថា ដោយយសារតែបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងរីករាដាលជាបន្តបន្ទាប់លើពិភពលោកក៏ដូចជាប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តបាត់ដំបង ដែលមានការប្រុងប្រយ័ត្នខ្ពស់តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងនោះ នៅទីកន្លែងមួយចំនួនឆ្លៀតឱកាសបន្លំផលិតផលក្លែងក្លាយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីសុខភាពប្រជាពលរដ្ឋឡើយ។
ករណីនេះលោកបានអំពាវនាវដល់អាជីវករលក់ដូរនិងអ្នកផលិតផលក្លែងក្លាយឈប់បន្តទៀត ព្រោះវាធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងអាល់កុលនោះមិនបានសម្លាប់មេរោគពិតប្រាកដនោះទេ ដែលជាមូលហេតុធ្វើមានឆ្លងរោគដោយមិនដឹងខ្លួនចំពោះអ្នកប្រើប្រាស់ទៅវិញ។ បន្ទាប់មកវត្ថុតាង ដែលបានដកហូតទាំងនេះត្រូវមន្រ្តីជំនាញរឹបអូសយកទៅរក្សាទុក ដើម្បីដុតកម្ទេចចោលនៅពេលខាងមុខ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print