ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត

ចែករំលែក៖

ភ្នំពេញ, ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា!

ព្រះរាជបុត្រ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតស្មើជីវិតនៃ ម៉ាម៉ង់

ម៉ាម៉ង់ មានបិតិសោមនស្សរីករាយ និងហឫទ័យរំភើបពន់ពេកចំពោះព្រះរាជសារថ្វាយពរ និងផ្កាដ៏ធំល្អ ស្រស់ពី ព្រះរាជបុត្រ នៅក្នុងព្រះរាជឱកាសដ៏មហាប្រសើរឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ គ.ស ២០២១ ។

ម៉ាម៉ង់ សូមអរព្រះគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះពរសព្ទសាធុការដ៏ល្អបវរ និងសូមសំដែងនូវការ កោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះព្រះកិត្តិនាម ព្រះកិត្តិស័ព្ទកាន់តែល្បីល្បាញនៅក្នុងមជ្ឈដ្ឋានជាតិ-អន្តរ ជាតិ និងមហាជោគជ័យក្នុងព្រះរាជកិច្ចជាប្រវត្តិសាស្ត្ររបស់ ព្រះរាជបុត្រ ក្នុងការខិតខំបំពេញព្រះរាជបេសកកម្ម ជូនជាតិ សាសនា មាតុភូមិ ទទួលបានសេចក្តីសុខ សន្តិភាព និងមានការអភិវឌ្ឍន៍។ ក្នុងបរិការណ៏នៃបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលជាសកលនៃជម្ងឺកូវិត ១៩ ប្រជាជាតិ ប្រជារាស្ត្រកម្ពុជា មានមោទនភាពជាទីបំផុត ចំពោះ ព្រះរាជបុត្រ ដែលប្រកបដោយចរិយាសម្បត្តិដ៏ល្អប្រពៃគ្រប់លក្ខណះ ក្នុងព្រះរាជកិច្ចស្នេហាជាតិបំរើ ឧត្តមប្រយោជន៍នៃមាតុភូមិកម្ពុជា ។

ម៉ាម៉ង់ សូមប្រសិទ្ធិពរជ័យដ៏ល្អបវរសូម ព្រះរាជបុត្រ ទទួលបាននូវមហាជោគជ័យតទៅមុខទៀតក្នុងព្រះ រាជបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្រនៃ ព្រះរាជបុត្រ ព្រមទាំងសូមបួងសួងព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធ ក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីព្រះវិញ្ញាណក្ខន្ធព្រះអតីត ព្រះមហាក្សត្រ ព្រះបហាក្សត្រី យានី ជាពិសេសព្រះវិញ្ញាណក្ខន្ធ ប៉ាប៉ា ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតន កោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិ ប្រជារាស្ត្រខ្មែរ និងទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូម ព្រះអង្គជួយបីបាច់ថែរក្សា ព្រះរាជបុត្រ មានព្រះសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណវាងវៃ បានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ និងជាទីពឹងនាក់ដ៏កក់ក្តៅ នៃប្រជាជាតិ មាតុភូមិ និងប្រជារាស្រ្តជា ទីស្រឡាញ់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ សូមព្រះរាជបុត្រ ទទួលនូវសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតស្មើជីវិតរបស់ម៉ាម៉ង់៕

...

ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print