ខេត្តបន្ទាយមានជ័យ៖ បើតាមមន្ត្រីនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះថា បុរសម្នាក់ ដែលត្រូវជាកូនប្រសាររបស់ថៅកែអ៊ីលីតស្ពតក្លឹប ត្រូវបានចន្តរអគ្គិសនីឆក់ បណ្តាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធម៌នៅក្នុងអាងទឹក។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១២ ខែមេសាម្សិលមិញនេះ ស្ថិតនៅអ៊ីលីតស្ពតក្លឹប ក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្រ្តីដដែល បន្តថា បុរសរងគ្រោះឈ្មោះ លឹម គឹមហាក់ ភេទប្រុស អាយុ២៧ឆ្នាំ (ត្រូវជាកូនប្រសារម្ចាស់អ៊ីលីតស្ពតក្លឹបទីតាំងកើតហេតុ) រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
បើតាមចម្លើយឆ្លើយបំភ្លឺរបស់ឈ្មោះ ជាង ឡី ភេទប្រុស អាយុ៤០ឆ្នាំ និងឈ្មោះ សាវិញ អ៊ីម៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ (ជាកម្មករ) បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលជាកូនប្រសារម្ចាស់អ៊ីលីតស្ពតក្លឹប បានចូលទៅក្នុងអាងទឹក ពេលនោះពួកគេកំពុងតែបូមទឹកបញ្ចូលអាងលេងទឹក និងសាកម៉ូទ័រត្រាំទឹកសម្រាប់បាញ់ទឹក ស្រាប់តែសង្ស័យថាឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលឲ្យឆក់ជនរងគ្រោះនៅក្នុងអាងទឹកនោះតែម្តង។ មិនតែប៉ុណ្ណោះ ពួកគាត់ទាំង២នាក់ ក៏បានចរន្ដអគ្គិសនីឆក់ដែរ ប៉ុន្តែគេចផុតទាន់។
ប្រភពដដែលបន្តថា ក្រោយពេលពួកគេរួចផុតពីគ្រោះហើយ ភ្លាមៗ ពេលឃើញហេតុការណ៍ដូចនេះ ពួកគេក៏បានយកទុកយោទឹកជ័រទាញជនរងគ្រោះចេញពីក្នុងទឹក ហើយដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ទៅមន្ទីពេទ្យបង្អែកសិរីសោភ័ណផងដែរ។ ប៉ុន្តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ មន្ត្រីជំនាញក៏បានចុះទៅពិនិត្យនៅទីតាំងអាងលេខទឹកអ៊ីលីតស្ពតក្លឹប ដែលជនរងគ្រោះជួបគ្រោះថ្នាក់នោះហើយសន្ឋិដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនី ឆក់ស្លាប់ពិតប្រាកដមែន។ ខណៈនៅពេលបូមទឹកបញ្ចូលក្នុងកន្លែងលេងទឹក ហើយសាកម៉ូទ័របាញ់ទឹកកន្លែងក្មេងលេង ទើបបណ្តាលឆ្លងចរន្តឆក់ស្លាប់បែបនេះ។
បច្ចុប្បន្នសព ត្រូវមន្ត្រីជំនាញប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សហការី
រូបភាព៖ទីតាំងកន្លែងកម្សាន្តអាងហែលទឹកយីហោ”អ៊ីលីតស្ពតក្លឹប” ដែលជនរងគ្រោះត្រូវចរន្តអគ្គិសនីឆក់ស្លាប់