លោក ឃួង ស្រេង៖ ហាងលក់ម្ហូបអាហារទាំងអស់នៅបើកដំណើរការធម្មតា និងលើកទឹកចិត្តឲ្យបន្តការលក់ជូនប្រជាពលរដ្ឋ ហើយអាចមានការកុម្មង់ទិញតាមអនឡាញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋថា គ្រប់ហាងលក់ទំនិញ និងម្ហូបអាហារទាំងអស់នៅទូទាំងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការដូចធម្មតា ប្រជាពលរដ្ឋអាចធ្វើដំណើរទៅទិញនៅទីតាំងដែលនៅក្បែរៗផ្ទះរបស់ខ្លួន ឬកុម្មង់ទិញតាមអនឡាញ។
ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តដល់ម្ចាស់ហាងលក់ម្ហូបអាហារទាំងអស់បន្តការលក់ដូរជូនប្រជាពលរដ្ឋជាធម្មតា ហើយប្រជាពលរដ្ឋក៏អាចកុម្មង់ទិញតាមអនឡាញផងដែរ។
ការចេញមកប្រកាសជូនដំណឹង និងលើកទឹកចិត្តខាងលើនេះរបស់លោក ឃួង ស្រេង ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចបិទខ្ទប់ (LockDown) រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ-១៩ ហើយមិនតម្រូវឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះជាដាច់ខាត បើគ្មានករណីចាំបាច់ លើកលែងតែទិញម្ហូបអាហារប៉ុណ្ណោះ។
ភ្លាមៗបន្ទាប់មានការបែកធ្លាយសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រជាពលរដ្ឋស្ទើរពេញមួយរាជធានីភ្នំពេញ បាននាំគ្នាសម្រុកទៅផ្សារដើម្បីទិញស្បៀងអាហារទុកគ្រាដែលរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ LockDown រាជធានីភ្នំពេញ ព្រោះពួកគាត់គិតថា នឹងមិនមានម្ហូបដើម្បីទទួលទានរយៈពេល១៤ថ្ងៃនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅរាជធានីភ្នំពេញ មិនមានការបិទហាងលក់ដូរទំនិញ ឬម្ហូបអាហារនោះទេ ពោលគឺប្រជាពលរដ្ឋនៅតែអាចធ្វើដំណើរចេញទៅទិញដើម្បីទទួលទានប្រចាំថ្ងៃបាន និងកុម្មង់ទិញតាមអនឡាញ ប៉ុន្ដែត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន។
អភិបាលរាជធានីភ្នំពេញបានអះអាងទៀតថា ក្នុងករណីប្រជាពលរដ្ឋមិនចង់ទៅទិញដោយផ្ទាល់នោះ ក៏អាចកុម្មង់តាមហាងមួយចំនួនតាមអនឡាញ ដែលមានសេវាដឹកជញ្ជូនដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋបានដូចគ្នាផងដែរ ព្រោះអាជ្ញាធរនៅតែអនុញ្ញាតឲ្យមានការដឹកជញ្ជូនម្ហូបអាហារដូចធម្មតា។
លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «សូមជម្រាបជូនថា បើទោះបីរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់ Lockdown រយៈពេល១៤ថ្ងៃក្តី ប៉ុន្តែហាងទំនិញលក់ម្ហូបអាហារ ភេសជ្ជៈ ទំនិញចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន នៅតែបន្តបម្រើជូនប្រជាពលរដ្ឋដដែល ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំថា ហាងទាំងអស់ត្រូវបានបិទ ហើយសូមលើកទឹកចិត្តដល់ម្ចាស់ម្ហូបអាហារឲ្យនៅបន្តលក់ដូរដូចធម្មតា»។
លោកអភិបាលរាជធានីភ្នំពេញ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ហើយបានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណាដែលឡើងថ្លៃហួសហេតុ គ្រាដែលកម្ពុជាកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ-១៩។
លោក ឃួង ស្រេង បានចាត់ទុកថា ការដំឡើងថ្លៃទំនិញហួសហេតុនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ គ្រាដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្ដបន្ទាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ការចេញមកប្រកាសចាត់វិធានការតាមផ្លូវច្បាប់នេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា អាជីវករមួយចំនួនបានឆ្លៀតឱកាសកេងចំណេញហួសហេតុ គ្រាដែលប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញស្បៀងអាហារដើម្បីត្រៀមទុកនៅក្នុង ផ្ទះក្រោយមានការបែកធ្លាយសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការបិទខ្ទប់រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមព័ត៌មាន រូបភាព រូបវីដេអូ និងការបង្ហាញចែកចាយពេញបណ្តាញសង្គមកាលពីល្ងាច និងយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ គេសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើនកកកុញបានសម្រុកទៅទិញម្ហូបអាហារ នំចំណី និងសម្ភារប្រើប្រាស់នៅតាមទីផ្សារ និងតាមកន្លែងលក់ដូរ ដែលកន្លែងខ្លះលក់ដាច់គ្មានសល់ ជាមួយមុខទំនិញខ្លះបានឡើងថ្លៃយ៉ាងខ្ពស់ហួសពីការស្មាន៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print