ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃរសៀលថ្ងៃព្រហស្បតិ៍ទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣៤៤នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ២៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៣៤៤នាក់ (សហគមន៍ទាំង ៣៣៩នាក់) និងមានអ្នកជាសះស្បេីយចំនួន ២៩នាក់ក្នុងនោះរួមមាន៖
– ករណីឆ្លងសហគមន៍ ៣៣៩ នាក់
– អ្នកដំណើរពីបរទេស ០៥ នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៥២១៨ នាក់
– អ្នកជាសះស្បើយ= ២៣១៩ នាក់
– អ្នកកំពុងព្យាបាល= ២៨៥៨ នាក់
– អ្នកស្លាប់= ៣៦ នាក់
សូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! វិធានការ ៣កុំ និង៣ការពារ ត្រូវតែអនុវត្តអោយខានតែបាន! សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដគ្រប់គ្នា!
សូមរម្លឹកថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ ធ្លាប់បានមានប្រសាសន៍ក្រើនរំលឹក សូមឲ្យបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងលក្ខណៈទ្រង់ទ្រាយធំ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ថា, តាមគម្រោងក្នុងរយះពេល១ខែត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងកំរិត១លានដូស ទាំងការទិញ និងការទទួលជំនួយនឹងមកដល់ជាបន្តរបន្ទាប់។ វ៉ាក់សាំងគឺត្រូវបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។
សម្តេចសូមបងប្អូនជនរួមជាតិអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។
ដោយឡែកបេីយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពិសោធន៍វេជ្ជសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលបាន ខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ -១៩ ព្រម ទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcrToh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញ យកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ២៨ ឬ ០១២ ៨៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕ដោយ៖ស តារា