រដ្ឋលេខាធិការ ក្រសួងព័ត៌មានលោក ម៉ៅ អាយុទ្ ទទួលមរណភាពដោយសារជំងឺកូវីដ១៩

ចែករំលែក៖

រដ្ឋលេខាធិការ ក្រសួងព័ត៌មានលោក ម៉ៅ អាយុទ្ ទទួលមរណភាពដោយសារជំងឺកូវីដ១៩

ភ្នំពេញ ៖ បើតាមលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅមុននេះបន្តិចអោយដឹងថា,

 លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបជូនថា, លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

លោក ម៉ៅ អាយុទ្ធ ត្រូវបានគេស្គាល់ថា លោកជាមន្រ្តីជាន់ខ្ពស់ម្នាក់ និងជាផលិតករភាពយន្តដ៏ល្បីល្បាញមួយ ក្នុងចំណោមផលិតករជើងខ្លាំងដទៃទៀត ដោយមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្តខ្សែវីដេអូចម្រៀងកាយវិការកំណាព្យប្រលោមលោកជាដើម។

ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។

លោក គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានថ្លែងថា, គ្មានអ្វីដែលខ្ញុំសញ្ជឹងគិតយ៉ាងឆ្ងាយនៅវេលានេះជាងពេលណាៗទាំងអស់ ដោយសារតែ រៀមច្បងដ៏ល្បី ដ៏សំខាន់ក្នុងវិស័យ ទូរទស្សន៍ជាតិ និង ភាពយន្ត របស់ខ្មែរ គឺ លោក ព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ ដែលរូបលោកជាគ្រូបាធ្យាយ៍ដ៏ច្បងមួយរូប លោកបានបណ្តុះដល់អ្នកបន្តវេន យ៉ាងច្រើនលើសលប់នៅក្នុងវិស័យនេះ រួមមានទាំងរូបខ្ញុំ និង លោក លោកស្រីជា តារាភាពយន្ត , អ្នកអត្ថាធិប្បាយ , អ្នកថតវីឌីអូ កាម៉េរ៉ាថ្នាក់អន្តរជាតិ, អ្នកសម្តែង និងអ្នកកវីនិពន្ធ រាប់រយ ពាន់នាក់ ។
លោកបន្តថា, ខ្ញុំចងចាំកំណាព្យរបស់ លោក« ប្រភេទ លុយ »  និងស្នាដៃវណ្ណកម្មភាពយន្តខ្មែរមានដូចជារឿង ទឹករាំផ្ការាំ, បិទភ្នែក ហែកទ្រូង, ចិត្តចងចាំ, ឆ្អឹងអណ្តែត, នេសាទក្រពើ, ហ្លួងព្រះស្តេចកន និងខ្សែភាពយន្តប្រចាំស.វ « កូនប្រុស ក្រោមពន្លឺចន្ទ» ដែលលោកកំពុងតែដឹកនាំថត គឺជាមរតកអរូបី ដែលខ្មែរសូមចងចាំជានិច្ច ។ នៅក្នុងរូបថតមួយចំនួនដែលបង្ហាញភ្ជាប់ទាំងនេះ គឺខ្ញុំសូមបញ្ចើចបញ្ចើដល់ព្រហ្មលិខិត ម្តេចក៏អ្នកមិនផ្តល់ឱកាសឲ្យយើងខ្ញុំបានទៅផ្ទាល់ឱនគោរពវិញ្ញាណខន្ធរៀមច្បង ដែលជាគ្រូដ៏ឆ្នើមរបស់យើងខ្ញុំ ។
លោករដ្ឋលេខាធិការបានក៊លើកគើងថា, ខ្ញុំ សូមគោរពឧទ្ទិសដល់ឥន្ទព្រហ្ម ទេវតា សូមយោងយកវិញ្ញាណខន្ធ រៀមច្បង ឯកឧត្តម ម៉ៅ អាយុទ្ធ ទៅតម្កល់នៅឯឋានបរមសុខជាទីស្ងប់ដ៏សុខសាន្ត ។ ខ្ញុំបាទ កឹម គុណវឌ្ឍន៍ ជាកូនចៅ ជាសិស្ស សូមគោរពសព និងវិញ្ញាណខន្ធព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ ពីចម្ងាយ ដោយ ក្តីសោកសៅជាទីបំផុត ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print