ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា បន្ទាប់ពីអ្នកឧកញ៉ា ហុង ពីវ និងអ្នកឧកញ៉ា លី យ៉ុងផាត់ បានប្រគល់អគាររៀបមង្គលការ ដែលស្ថិតនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មី សែនសុខ ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដើម្បីចាត់ចែងសម្រាប់ដាក់អ្នកជំងឺកូវីដ១៩។
មន្រ្តីជានខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ អាចដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ បានចំនួន ពី ១០០០-១៥០០គ្រែ សម្រាប់អគារវិមានពិភពថ្មី សែនសុខ អាចបានចំនួនជាង៨០០គ្រែ»។
លោកស្រី យក់ សម្បត្ដិ បានបន្ថែមទៀតថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ ខែមេសានេះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារយើង ដើម្បីចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំ ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល នៅអគារវិមានពិភពថ្មី សែនសុខ រួចរាល់ហើយ។ ដោយឡែកនៅពេលរសៀលថ្ងៃដដែលនេះ នឹងបន្ដចុះពិនិត្យរៀបចំនៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខបន្តទៀត។
បន្ថែមពីនេះ លោកស្រីរដ្ឋលេខាធិការរូបនេះ បានសង្កត់ធ្ងន់ថា៖ គិតមកត្រឹមថ្ងៃអាទិត្យនេះ មណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល មានចំនួន ៧ទីតាំងហើយ គឺមាននៅ៖ វិទ្យាល័យជាស៊ីម សាមគ្គី ដាក់ព្យាបាលអ្នកជំងឺ ចំនួន ២៦០គ្រែ , អគារម៉ូឌែន ដាក់អ្នកជំងឺជាង ២៣០គ្រែ, អគារនៅពោធិ៍ចិនតុង ១៦០គ្រែ, អគារការកោះពេជ្រ ដែលជាអំណោយរបស់ អ្នកឧកញ៉ា ពុង ឃាងសែ ចំនួន ៨០០គ្រែ, វិទ្យាល័យជម្ពូវ័ន្ដ ជិត៧០គ្រែ, អគារវិមានពិភពថ្មី សែនសុខ របស់អ្នកឧកញ៉ា ហុង ពីវ ចំនួនជាង៨០០គ្រែ និងនៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ ចំនួន ពី ១០០០-១៥០០គ្រែ៕ដោយ៖សហការី