ភ្នំពេញ៖ស្នាដៃបទចម្រៀងបែបថ្មី៣បទរបស់នាយក្រូចក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ តារាកំប្លែងរូបនេះបញ្ជាក់ថា លោករំពឹងខ្ពស់ជាមួយនឹងបទចម្រៀងថ្មីដែលនឹងចេញលក់ក្នុងពេលឆាប់ៗនេះគឺបទបែបបែកស្លុយ”ច្រៀងស្តាប់មិនកើត”ដែលផលិតយ៉ាងសម្រិតសម្រាំងសម្រាប់ការរាំកម្សាន្តសម្រាប់ឆ្នាំថ្មីខាងមុខនេះ។
តារាកំប្លែង និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក សេន សុបុណ្យ ហៅនាយក្រូចបាននឹងកំពុងមមាញឹកច្រើនជាមួយនឹងការសម្តែងពិសេសលោកកំពុងសម្រុកថតបទចម្រៀងសម្រាប់ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ នាយក្រូចបញ្ជាក់ថាមានបទចម្រៀងមួយចំនួនត្រូវបានផលិតកម្មផលិតយ៉ាងសម្រិតសម្រាំងមានដូចជាបទ”ឃើញ ស្រីស្លៀកខ្លីខឹងៗៗ”ជាបទបែប្រពៃណី បទ “សុំស្វាន” និងបទ”ច្រៀងស្តាប់មិនកើត”ដែលជាបទសប្បាយៗប្រភេទបែកស្លុយ។ លោកបញ្ជាក់ថាក្នុងចំណោមទាំងបីបទខាងលើលោករំពឹងខ្ពស់ជាមួយនឹងបទ”ច្រៀងស្តាប់មិនកើត”ដែលទាំងទំនុកច្រៀង និងបទភ្លេងត្រូវបានសម្រិតសម្រាំងយ៉ាងខ្លាំង ពិសេសទាក់ទងទៅនឹងការថតជាMVមានលក្ខណៈប្លែកភ្នែកជាងបទចម្រៀងកន្លងទៅ។
លោក ឡាយ សុកចំរើន នាយកចាត់ការទូទៅរបស់ផលិតកម្មសាន់ដេ បាបបញ្ជាក់ថាឆ្នាំនេះផលិតកម្ម សាន់ដេ បានធ្វើបទចម្រៀងសម្រាប់ស្វាគមន៍ឆ្នាំថ្មីប្រមាណ៤០បទ ហើយក្នុងនោះបទចម្រៀងប្រហែលជាង១០បទសាន់ដេ សង្ឃឹមថានឹងផ្ទុះខ្លាំងនៅឆ្នាំនេះ។បទទាំងនោះមានដូចជា បទ “ច្រៀងស្ដាប់មិនកើត” “បែកស្លុយ” “ហ៊ា”“អូនរាំពីមុខបងរាំពីក្រោយ” និង “ឌឹបៗអ៊ួយ” ជាដើម ។ លោកបញ្ជាក់ដែរថា តារាចម្រៀងប្រុសស្រីល្បីឈ្មោះនៅក្នុងផលិតកម្មសាន់ដេនឹងរួមគ្នាបម្រើការកម្សាន្តរបស់ទស្សនិកជនបានច្រើនក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ។ លោករំពឹងដែរថា ការលក់CDនិងVCD នឹងកាន់តែមានតម្លៃពិសេសជាងឆ្នាំមុនបើទោះបីជាឆ្នាំមុនទំហំនៃការលក់ខ្ពស់និងមានតម្លៃទាបជាងផលិតកម្មផ្សេងក៏ដោយ។
លោក Share ផលិតករវ័យក្មេងរបស់ផលិតកម្មសាន់ដេ បានបញ្ជាក់ថា បទ”ច្រៀងស្តាប់មិនកើត”របស់នាងក្រូចអាចនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។លោកបន្តថា ក្រៅពីសាច់ភ្លេង និងទំនុកច្រៀង ការថតត្រូវបានជ្រើសរើសប្លងប្លែកៗមិនធ្លាប់មានជាច្រើនកន្លែងរួមបញ្ចូលគ្នា មានទាំងនៅផ្សារទំនើប តំបន់ភ្លើងស្តុប តាមដងផ្លូវទីកន្លែងហាត់ប្រាណ និងនៅក្នុងភូមិជនបទជាដើម៕ វឌ្ឍនា







