ភ្នំពេញ ៈ មនុស្សប្រុសស្រីពីរនាក់បានរងរបួសធ្ងន់ធ្ងរ ខណះកំពុងជិះម៉ូតូឌុបគ្នាហើយត្រូវបានរថយន្តកាមរីបាឡែនបុកពេញទំហឹង ហើយភ្លាមនោះក៏មានរថយន្តកាមរីគូទហើមមកបុកក្រោយរថយន្តបន្តទៀតបណ្តាលអោយរងការខូចខាតបន្ទាប់មករថយន្តទាំងពីរគ្រឿងក៏បានព្យាយាមបើករត់តែត្រូវប្រជាពលរដ្ខដេញឃាត់បានភ្លាមៗតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី៧ខែមិនា ឆ្នាំ២០១៦ នៅចំណុចមុខសាលាសង្កាត់ចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះសៀង ភក្តី ភេទប្រុសអាយុជាង២០ឆ្នាំមានស្រុកកំណើតភូមិ ព្រៃឈើទាល ឃុំ តាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកម្នាក់ទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញប្តីប្រពន្ធ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AT 4776 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែនពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2X 9924 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់។
សាក្សីដដែលបានបន្តថាបន្ទាប់ពីរថយន្តបានបុកម៉ូតូអោយរបួសរួចភ្លាមនោះក៏មានរថយន្តកាមរីគូទហើមមួយគ្រឿងទៀតមកស្របគ្នាជាមួយរថយន្តបង្កហើយបានបុកតកន្ទុយគ្នាបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ភ្លាមនោះរថយន្តទាំងពីរគ្រឿងបានព្យាយាមបើករត់បានប្រហែល១០០ម៉ែត្រក៏ត្រូវប្រជាពលរដ្ឋដេញឃាត់បានភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តទាំងពីរគ្រឿងរួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយពេលក្រោយ។ សុខាសែនជ័យ