ភ្នំពេញ៖ បុរសម្នាក់ផឹកស៊ីុសប្បាយនិងច្រៀងខារ៉ាអូខេនៅក្នុងបន្ទប់ខ្លួនខណះដែលស្រវឹងស្រឿងៗក៏ស្រាប់តែលឺយុវជន២នាក់ដែលផឹកសីុក្នុងបន្ទប់ជួល២ក្បែរគ្នាច្រៀងចំរៀងដែលខ្លួនកំពុងច្រៀងដែរ បានឈ្លោះប្រកែកគ្នា រហូតឈានដល់ការវាយតប់បែកក្បាល ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ៨ យប់ថ្ងៃទី ៧ ខែមីនាឆ្នាំ២០១៦ នៅក្នុងបន្ទប់ជួលក្បែរបន្ទាយ កងពលតូចលេខ៧០ស្ថិតក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះ ឈ្មោះ វណ្ណដេត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើការនៅ ក្រុមហ៊ុនប៉េងហួត ខាងជាង ពីដាន មានទីលំនៅក្បែររោងចក្រ QMI របួសបែកក្បាលដោយសារជនបង្ករយកខ្សែរក្រវ៉ាត់វាយ និងម្នាក់ទៀតឈ្មោះញ៉ន ប៉េងសៀរ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅបន្ទប់ជួលភូមិ ឃុំកើតហេតុខាងលើ រងរបួសស្នាមជាំមុខ ។
តាមការរៀបរាប់ប្រាប់របស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគេបានផឹកសីុជាមួយបងប្រុសជនដៃដល់ តាំងពីថ្ងៃត្រង់មកម៉្លេះ ឯជនដៃដល់ក៏ផឹកសីុនៅបន្ទប់ជាប់គ្នានោះដែរ ពេលផឹកសីុរហូតដល់វេលាយប់ បន្ទប់ទាំង២ក៏ចាប់ផ្តើមច្រៀងខារ៉ាអូខេ តែដោយសារតែបន្ទប់ជួលទាំង២មិនមានពិដានដំបូលទើបធ្វើអោយសំលេងច្រៀងលឺទៅវិញទៅមក ។ ជនរងគ្រោះបានបន្តទៀតថា លុះពេលច្រៀងបទដូចគ្នា ខាងជនដៃដល់បានមកគោះទ្វារបន្ទប់របស់ខ្លួនហើយបាននិយាយថា ម៉េចឯងច្រៀងបទតាមអញអញ្ចឹង ឯងចង់ឌឺអញមែនទេ ? រួចក៏មានការប្រកែកគ្នាមួយប្រាវហើយជនដៃដល់ក៏បានចូលទៅក្នុងបន្ទប់វិញ ឯជនរងគ្រោះមិនទាន់បានចូលបន្ទប់ទេគឺនៅឈរខាងក្រៅនិងបាននិយាយប្រាប់បងជនដៃដល់ថា អោយជួយប្រាប់ប្អូនផងថ្ងៃក្រោយកុំអោយមកគោះទ្វារបន្ទប់គេផ្តេសផ្តាសទៀត មិនទាន់និយាយចប់ផងស្រាប់តែជនដៃដល់បានចេញមកវិញ ព្រមទាំងយកខ្សែរក្រវ៉ាត់មកវាយក្បាលឈ្មោះ វណ្ណដេត បណ្តាលអោយបែក ឃើញដូចនេះ ឈ្មោះ ប៉េងសៀរបានស្ទុះទៅជួយក៏ប្រវាយប្រតប់គ្នាហើយក៏ត្រូវមួយដៃចំមុខដែរ ។
ក្រោយពេលកើតហេតុ ខាងជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ តែត្រូវបងជនរងគ្រោះដែលជាមិត្តភ័ក្រ្តអង្វរថាមិនបាច់ប្តឹងទេ សុទ្ធតែគ្នាឯងទេ ។ ឯខាងជនរងគ្រោះក៏សុខចិត្តមិនដាក់ពាក្យប្តឹងដែរតែបានទាមទារជំងឺចិត្តចំនួន១៥០ដុល្លា ដើម្បីបញ្ចប់រឿង ៕សុខាសែនជ័យ







