ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់បានខ្យល់គដួលស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ក្នុងការដ្ឋានសំណង់វាយកូនហ្គោល Phnom Penh city center ស្ថិតក្នុងភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ សុខ មឿន អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅឃុំកោះអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅការដ្ឋានកន្លែងកើតហេតុ។
ប្រភពពត៌មានពីសន្តិសុខដែលយាមនៅការដ្ឋានខាងលើបានអោយដឹងថា នៅមុនពេលកើតហេតុរូបគេយាមនៅការដ្ឋានដូចសពមួយដង ហើយនៅវេលាម៉ោងកើតហេតុរូបគាត់ដើរមកបត់ជើងតូចនៅខាងក្រោយ ស្រាប់តែប្រទះឃើញបុរសម្នាក់ដេកដួល ហើយក៏ឆោឡោឡើងបង្កការភ្ញាក់ផ្អើល និងទំនាក់ទំនងទៅសមត្ថកិច្ចផងដែរ។
ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានធ្វើកោសល្យវិច្ច័យគឺនៅលើសាកសពមិនមានស្លាកស្នាមអ្វីនោះទេ ដោយសន្និដ្ឋានថាបុរសខាងលើស្លាប់ដោយសារខ្យល់គ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ រង់ចាំទំនាក់ទំនងទៅក្រុមគ្រួសារអោយមកយកធ្វើបុណ្យតាមប្រពៃណី។ដោយៈ ព្រែកជ័យ







