ខេត្តកំពង់ចាម៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះថា ចៅក្រមសាលាដំបូងខេត្ត បានសម្រេចផ្ដន្ទាទោសបុរសម្នាក់ដាក់ពន្ធនាការមួយឆ្នាំ ដោយចោទប្រកាន់ពីបទ «រារាំងដល់ការអនុវត្តវិធានការ» និងបទ «ប្រមាថ» ក្រោយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីរូបគាត់បានផឹកស៉ីបំពាននូវការណែនាំរបស់រាជរដ្ឋាភិបាល ពេលកំពុងទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩។
បុគ្គលរូបនេះមានឈ្មោះ យន់ ស៊ាងហ៉ី ហៅប្រុស អាយុ៥០ឆ្នាំ ត្រូវបានចោទប្រកាន់តាម មាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងបទ «ប្រមាថ» តាមមាត្រា៥០២ នៃក្រុមព្រហ្មទណ្ឌ។
គួររម្លឹកថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យសមត្ថកិច្ចដាក់ខ្នោះ បុរសម្នាក់ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបុរសម្នាក់នោះ បានប្រមូលផ្ដុំផឹកស៊ីល្មើសទៅនឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ថែមទាំងបានជេរប្រមាថមកលើសមត្ថកិច្ច កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ដោយឡែកបេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល ស្រុកកំពង់សៀម បានឱ្យដឹងថា នៅវេលាម៉ោង០៧ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចស្រុកកំពង់សៀម បានធ្វើការចុះល្បាតត្រួតពិនិត្យ និងផ្សព្វផ្សាយមិនឱ្យមានការប្រមូលម្តុំ ជួបជុំផឹកស៊ី ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ឃុំរំចេក រហូតមកដល់ចំណុចភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លុះវេលាម៉ោង១០ និហ៣០នាទីថ្ងៃដដែល សមត្ថកិច្ច បានជួបបុរសម្នាក់ឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុ បានដើរចេញពីកន្លែងផឹកស៊ី ហើយស្រែកជេរលើអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារ ថា៖ «ពួកអាធ្វើការឃុំ ពួកហ្អែងធ្វើការឱ្យល្អតិចមើល ដោយក្នុងស្ថានភាពស្រវឹង» ឃើញដូច្នេះ កម្លាំងសមត្ថកិច្ចបាននិយាយណែនាំឲ្យឈប់ផឹកស៊ី ឆាប់ទៅផ្ទះចូលដេកតែឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស ពុំស្តាប់ឡើយ។
គួរបញ្ជាក់ថា ខណៈដែលអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចបានយកឈ្មោះ យន់ ស៊ាងហ៊ី មកអប់រំណែនាំនូវសេចក្តីសម្រេចលេខ៤៩ ស.ស.រ របស់រារដ្ឋាភិបាល និងធ្វើកិច្ចសន្យា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក រួចកម្លាំងសមត្ថកិច្ចបានឱ្យឈ្មោះ យន់ ស៊ាងហ៊ី ត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែពេលដើរចេញដល់ចំណុចផ្លូវមុខប៉ុស្តិ៍ ស្រាប់តែឈ្មោះ យន់ ស៊ាងហ៊ី នេះ នៅតែបន្តស្រែកជេរប្រមាថមកលើអាជ្ញាធរ កម្លាំងសមត្ថកិច្ចទៀតថា «ពួកអាឆ្កែ អាប៉ូលីសឡប់ៗ អាមេឃុំអាចម៍ៗ»។
ជាក់ស្ដែងដោយការមិនរាងចាល បន្ទាប់មកទើបសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់នោះ តាមបទបញ្ជារបស់អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ហើយបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីរៀបចំសំណុំរឿង តាមនីតិវិធី ចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖សហការី