មកទល់ពេលនេះវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ចិន បានចែកចាយប្រើប្រាស់នៅជុំវិញពិភពលោកចំនួន ២៦០លានដូសហើយ ។ ក្រុមហ៊ុននិងបន្តផ្គត់ផ្គង់វ៉ាក់សាំងជាច្រើនទៀតនៅពេលខាងមុខ ។ នៅពេលនេះនាយកប្រតិបត្តិ Sinovacបានប្រកាសថា យើងនឹងជ្រើសរើសប្រទេស ១០ ដើម្បីផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង។
សារព័ត៌មានចិនស៉ីនហួនៅថ្ងៃទី២០ខែមេសាបានផ្សាយថា នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឱសថចិន ស៉ីណូវ៉ាក់ (Sinovac Biotech) លោក Yin Weidong នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១នេះបាននិយាយថា ក្រុមហ៊ុននេះបានផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២៦០លានដូសទៅទូទាំងពិភពលោកដោយជាង៦០ភាគរយ ឬស្មើនឹង ១៦០លានដូសត្រូវបានផ្គត់ផ្គង់ទៅក្រៅប្រទេស។
លោក Yin Weidong បានគូសបញ្ជាក់នៅឯវេទិកា Boao ប្រចាំឆ្នាំសម្រាប់តំបន់អាស៊ីថា ក្រុមហ៊ុននេះកំពុងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង៦លានដូសក្នុងមួយថ្ងៃ។ លោក Yin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមានផែនការជ្រើសរើសប្រទេសចំនួន ១០ ដើម្បីផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងនេះឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅរួច»។
សារព័ត៌មាន Reutersបានផ្សាយថា ក្រុមហ៊ុនចិន Sinovac បានទទួលការបញ្ជាទិញវ៉ាក់សាំងសរុបជាង ៤៥០លានដូសរួចទៅហើយ ដោយក្នុងនោះភាគច្រើន គឺនឹងត្រូវផ្គត់ផ្គង់ទៅប្រទេសប្រេស៊ីល, ឥណ្ឌូណេស៊ី, តួកគី និងឈីលី (ស៊ីលី) ជាដើម។ យ៉ាងណាក៏ដោយ Sinovac កន្លងមកនេះ ក៏បានអនុញ្ញាតឲ្យមានការផលិតវ៉ាក់សាំងបង្ការ COVID-19 ជាមួយក្រុមហ៊ុនជាដៃគូនៅប្រស៊ីល និងឥណ្ឌូណេស៊ីរួចមកហើយដែរ៕ ដោយ សាធី
រូបភាព៖ TTXVN