ខេត្តព្រៃវែង ៖ បើយោងតាមការបញ្ជាក់ពីការិយាល័យសុខាភិបាលប្រតិបត្តិស្រុកពារាំង នៅព្រឹកទី២១ ខែមេសា ឆ្នាំ២០២១ននេះ ប្រាប់សារព័ត៌មានក្នុងស្រុកបានអោយដឹងថា, កម្មការិនីម្នាក់ធ្វើការនៅរោងចក្រ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ឈ្មោះ ឌឿន ចន្ធា អាយុ២៩ឆ្នាំ រស់នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានឆ្លងជំងឺកូវីដ១៩ ហើយបានជិះរថយន្ដជាមួយកម្មករកម្មការិនីជាច្រើនផ្សេងទៀត ចុះឡើងពីកន្លែងធ្វើការទៅផ្ទះរាល់ថ្ងៃ។
តាមការបញ្ជាក់បានឲ្យដឹងថា កម្មការិនីដែលវិជ្ជមានជំងឺកូវីដ១៩រូបនេះ កន្លងមកបានជិះរថយន្តដឹកកម្មករជាមួយកម្មករកម្មការិនីជាច្រើនផ្សេងទៀតជាប្រចាំ ពីផ្ទះទៅកន្លែងធ្វើការ និងពីកន្លែងធ្វើការមកផ្ទះវិញ។ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្មការិនីរូបនេះមានអាការៈក្ដៅខ្លួន ហើយក្រុមគ្រូពេទ្យបានតម្រូវឱ្យធ្វើចត្តាឡីស័ក និងពិនិត្យសំណាក។ លុះដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផលគឺវិជ្ជមានកូវីដ១៩។
មន្ត្រីការិយាល័យសុខាភិបាលប្រតិបត្តិស្រុកពារាំងបានបញ្ជាក់ថា ករណីនេះអាចមានអ្នកពាក់ព័ន្ធច្រើន ហើយមន្ត្រីជំនាញ និងក្រុមគ្រូពេទ្យកំពុងស្រាវជ្រាវរកនាក់ពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលចូលសហគមន៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
សូមបញ្ជាក់ផងដែរថា, រថយន្តដឹកកម្មករកម្មការិនី ភាគច្រើនគឺផ្ទុកមនុស្សច្រើននាក់ដ៏ចង្អៀតតាន់តាប់ ដែលជាហានិភ័យខ្ពស់បំផុត ក្នុងការឆ្លងកូវីដ-១៩ ប្រសិនបើមាននរណាម្នាក់ត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩នោះ។ កត្តាខ្លះដោយហេតុផលថា, រថយន្តដឹកជញ្ជូនកម្មករកម្មការិនី គឺបង់ប្រចាំខែ ដែលមានតម្លៃទាបសមរម្យ ដូច្នេះម្ចាស់រថយន្តបង្ខំដាក់ឲ្យបានច្រើនដើម្បីទទួលបានក្នុងមួយខែមួយខែសមរម្យសម្រាប់ការដឹកជញ្ជូនរបស់ខ្លួន។ ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ អាជ្ញាធរនិងសមត្ថកិច្ច គួរមានវិធានការរឹតត្បិតបន្តិច ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈការផ្ទុកមនុស្សដោយគ្មានគម្លាតតាមវិធានសុខាភិបាល៕
ដោយ៖ សិលា