អាជ្ញាធរ​ខេត្តតាកែវ៖ រកឃើញអ្នកកើតកូវីដ១៩​ ចំនួន៤នាក់ថែមទៀត​ នៅស្រុកបាទី

ចែករំលែក៖

ខេត្ត​តាកែវ​៖​ នៅព្រឹក​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដ១៩ចំនួន៤នាក់បន្ថែមទៀត ក្រោយរកឃើញនៅស្រុកបាទី ហើយពួកគេទាំង៤នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរបង្អែកស្រុកបាទីរួចហើយ។​

បេីយោង​តាមការបញ្ជាក់ពី​លោកវេជ្ជបណ្ឌិត នុត ស៊ីណាត​ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែង​នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែមេសានេះថា មន្រ្តីសុខាភិបាលបានធ្វើតេស្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន៤នាក់បន្តទៀត​ នៅក្នុងស្រុកបាទី។

លោកវេជ្ជបណ្ឌិត នុត ស៊ីណាត​ ថ្លែងបន្តថា អ្នកផ្ទុកជំងឺកូវីដ៤នាក់ គឺត្រូវរកឃើញនៅក្នុងឃុំ៤របស់ស្រុកបាទី រួមមាន៖ ឃុំក្រាំងធ្នង់ ដែលអាជ្ញាធរបានបិទខ្ទប់ភូមិមួយកាលពីម្សិលមិញ ឃុំកណ្ដឹង ឃុំពត់ស និងឃុំត្រពាំងសាប។

ដោយឡែក​ទាក់ទិននឹងបញ្ហានេះដែរ​ អភិបាលស្រុកបាទី លោក ភួន ឈីម​ ក៏បានឲ្យដឹងថា អ្នកជំងឺកឺកូវីដ១៩ទាំង៤នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធផ្ទាល់ត្រូវយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ ហើយអាជ្ញាធក៏បានណែនាំពួកគាត់ឲ្យធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់មន្រ្តីសុខាភិបាលផងដែរ។

ចំណែក​ស្នងការដ្ឋាននគរបាលខេត្តតាកែវ​ បានបញ្ជាក់ដែរថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ​ ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ផ្ទុកលើប្រជាពលរដ្ឋខ្មែរចំនួន០៤នាក់រួមមាន៖​ ទី១៖ ឈ្មោះ កែវ ប៊ុនណា អាយុ៥៨ឆ្នាំ រស់នៅភូមិហនុមាណជើង ឃុំក្រាំងធ្នង់ ស្រុកបាទី​ ;ទី២៖ ឈ្មោះ ឌួង រ៉ាន់ អាយុ៤២ឆ្នាំ រស់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី;​ទី៣៖ ឈ្មោះ សរ សារ៉េត អាយុ៤២ឆ្នាំ រស់នៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី​ ;​ និងទី៤៖ ឈ្មោះ ឆិល នឿន អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី។

គួរបញ្ជាក់ថា​ អ្នកជំងឺទាំង៤នាក់នេះ ជាអ្នកប៉ះពាល់ដោយប្រយោលជាមួយឈ្មោះ ខាត់ អ៊ីរ៉ាក់ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ដែលរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។​ បច្ចុប្បន្ន​ អាជ្ញាធរ និងក្រុមគ្រូពេទ្យ កំពុងចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយ បុគ្គលទាំង០៤នាក់ខាងលើបន្ថែមទៀត៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print