ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកកំពង់ត្រឡាច និង បន្ទាប់មកបានបញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធករណីដឹកជញ្ជូនមនុស្សខុសច្បាប់ ចេញពីក្រុងភ្នំពេញមកកាន់ខេត្តកំពង់ឆ្នាំង ដោយបំពានបំរាមនៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនដែលល្មើសនឹងបំរាមរបស់រាជរដ្ឋាភិបាលនេះ ១.ឈ្មោះយ៉ង់ ហឿន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ក្តា ឃុំកំពង់ត្រ ឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង២.ឈ្មោះយ៉ង់ ចាន់ទុំ ភេទប្រុស អាយុ១៩ឆ្នាំ ។ ពួកគេត្រូវជាបងប្អូនជីដូនមួយនឹងគ្នា និង មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុពួកគេទាំងពីរនាក់បានបើកកាណូតបាឡាស្មាច់មួយគ្រឿងទៅដឹកយកប្អូនថ្លៃស្រីរបស់ខ្លួន នៅចំណុចស្ពានព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ទៅកាន់ខេត្តកំពង់ឆ្នាំង ដោយមានមនុស្ស៣នាក់ ក្នុងនោះមានស្រី២នាក់ ដែលបានរង់ចាំនៅចំណុចក្បែរស្ពានព្រែកព្នៅ។ ពួកគេបានដឹកមនុស្សទាំង៣នាក់នោះមកកាន់ភូមិតាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។បន្ទាប់ពីបានដាក់មនុស្សប្រុសស្រីទាំង៣នាក់នៅនឹងភូមិខាងលើនេះរួចហើយ ពួកគេទាំងពីរនាក់ក៏បានបើកបាឡាស្មាច់១ គ្រឿង ត្រឡប់មកលំនៅដ្ឋានរបស់គេវិញនៅថ្ងៃដដែលនោះផងដែរ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរភូមិឃុំបានរាយការណ៍ជូនលោកអភិបាលស្រុក បន្ទាប់មកលោកអភិបាលស្រុក បានចាត់ក្រុមការងាររួមមាន កម្លាំងនគរបាល មន្ត្រីសុខាភិបាល ចាប់បញ្ជូនឈ្មោះយ៉ង់ ចាន់ទុំ និងឈ្មោះយ៉ង់ ហឿន មកកាន់មណ្ឌលចត្តាឡីស័កកំពង់ត្រឡាច។ តែដោយមានបញ្ជាពីថ្នាក់លើ នៅវេលាម៉ោង៩ព្រឹក ថ្ងៃខែឆ្នាំដដែល ក៏បានបញ្ជូនបុរសទាំងពីរនាក់ខាងលើនេះទៅធ្វើចត្តាឡីស័កនៅក្រុងកំពង់ឆ្នាំងវិញ ។ហើយមកដល់ពេលនេះ មនុស្សចំនួន៧នាក់ ទាំងនៅស្រុកជលគិរី និង ស្រុកកំពង់ត្រឡាច ដែលពាក់ព័ន្ធត្រូវបានយកមកធ្វើចត្តាឡីស័កដែរ។
ពាក់ព័ន្ធនិងករណីនេះ លោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានប្រាប់ឲ្យដឹងថា ករណីនេះសមត្ថកិច្ចនិងអនុវត្តតាមផ្លូវច្បាប់ ក្រោយពីឲ្យជនសង្ស័យទាំងនេះធ្វើចត្តាឡីស័ករួចរាល់ ខាងមន្ទីរសុខាភិបាល និង សមត្ថកិច្ចជំនាញ នឹងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕