សាធារនរដ្ឋឆេក បានដាក់លក្ខខណ្ឌមួយថា ប្រសិនបើទីក្រុងមូស្គូមិនឱ្យមន្ត្រី បុគ្គលិកស្ថានទូតឆេកត្រឡប់ទៅធ្វើការនៅប្រទេសរុស្សុីវិញទេខ្លួននឹងបណ្តេញមន្ត្រី បុគ្គលិកនៃស្ថានទូតរុស្ស៊ីប្រចាំប្រទេសឆេកចំនួន៦០នាក់ឱ្យត្រឡប់ទៅរុស្ស៊ីវិញ។
នៅថ្ងៃទី២២ខែមេសាសារព័ត៌មាន រុស្ស៊ី TASS បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសឆេក គឺលោក Jakub Kulhanek ដែលបានប្រកាសនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកថា រដ្ឋាភីបាលនៃសាធារណរដ្ឋឆេកនឹងបណ្តេញមន្ត្រី និងបុគ្គលិកស្ថានទូតរុស្ស៊ី៦០នាក់ ចេញពីទីក្រុង Prague ប្រសិនបើទីក្រុងមូស្គូ មិនអនុញ្ញាតឲ្យមន្ត្រីបុគ្គលិកស្ថានទូតឆេកដែលរុស្ស៊ីបណ្តេញចេញពីទីក្រុងមូស្គូត្រឡប់ទៅធ្វើការវិញនោះ។
រដ្ឋមន្ត្រីការបរទេស Jakub Kulhanekបានឱ្យដឹងថា គោលដៅនៃសកម្មភាពខាងលើគឺដើម្បីធ្វើឱ្យមានតុល្យភាពចំនួនមន្ត្រីនិងបុគ្គលិកធ្វើការនៅស្ថានទូតឆេកប្រចាំទីក្រុងមូស្គូ ដែលពេលនេះនៅសល់តែ៥នាក់ប៉ុណ្ណោះ។
ការព្រមានខាងលើ របស់លោក Jakub Kulhanek ធ្វើឡើងក្នុងពេលដែលលោកទើបតែចូលកាន់តំណែងរដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសឆេក។ លោក Jakub Kulhanekបន្តទៀតថា នៅមុនម៉ោង១២ថ្ងៃទី២២ខែមេសា(ពេលវេលាក្នុងតំបន់)ប្រសិនបើរុស្ស៊ីមិនអនុញ្ញាតឲ្យមន្ត្រីការបរទេស២០រូបរបស់ខ្លួនវិលត្រឡប់ទៅធ្វើការវិញនោះ ឆេកនឹងបណ្តេញមន្ត្រីការទូតរុស្ស៊ីដូចគ្នា ។
រុស្ស៊ីនិងឆេកប្រឈមមុខតានតឹងដាក់គ្នាយ៉ាងខ្លាំង ក្រោយការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក ពិសេសគឺបណ្តេញមន្ត្រីការទូត ។ ហេតុការណ៍ចាប់ផ្តើមកើតឡើងពីរដ្ឋាភិបាលឆេកបានបណ្តេញមន្ត្រីការទូតរុស្ស៊ី១៨រូបដែលចោទប្រកាន់ពីបទនៅពីក្រោយការវាយប្រហារទៅលើទីតាំងឃ្លាំងគ្រាប់បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់និងរបួសជាច្រើននៅឆ្នាំ២០១៤៕ ដោយ សាធី
រូបភាព៖ baogiaothong