ក្រោយជនខិលខូចក្លែងបន្លំរថយន្តដឹកបន្លែ​ ឬដឹកគ្រឿងឧបភោគ បរិភោគចេញចូល​ ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងការបិទខ្ទប់​;​ ពេល​នេះ​សមត្ថកិច្ចបង្កើនការរឹតបន្តឹងខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងអំឡុងការបិទខ្ទប់ដេីម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩​ បានស្នើឱ្យសមត្ថកិច្ចគ្រប់ច្រក ត្រួតពិនិត្យឱ្យបានតឹងរឹងចំពោះរថយន្តដឹកបន្លែឬដឹកគ្រឿងឧបភោគបរិភោគ ចេញចូលរាជធានីភ្នំពេញ ព្រោះមានជនខិលខូចមួយចំនួនក្លែងបន្លំធ្វើដំណើរទៅនេះទៅនោះ ។

បេីតាមការ​លេីក​ឡេី​ងរបស់ឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងថា អាជ្ញាធរពាក់ព័ន្ធនិងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូមបន្តយកចិត្តទុកដាក់ ចំពោះរថយន្តចេញចូលក្រុង ត្រូវពិនិត្យឱ្យបានល្អិតល្អន់ចំពោះរថយន្តដឹកគ្រឿងឧបភោគបរិភោគ ត្រូវធ្វើការត្រួតពិនិត្យហើយបើពិនិត្យទៅមិនមានឯកសារធ្វើដំណើរក្នុងអំឡុងពេលបិទខ្ទប់នេះទេ គឺត្រូវឃាត់ទុកហើយពិន័យទៅតាមច្បាប់ និងឱ្យពួកគាត់ត្រឡប់ក្រោយវិញ។

លោក​ ស​ ថេត​​ បន្តថា អាជ្ញាធរទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភារកិច្ចបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ នៅតាមមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ និងគ្រប់បណ្តាខេត្ត ក្រុងទាំង២៥ ។ បន្ថែមពីនេះ​ លោក​ស្នងការ​ ថា រថយន្តដឹកសាច់ ដឹកបន្លែឬក៏រថយន្តសង្គ្រោះអ្វីៗផ្សេងៗនេះ បើរថយន្តដឹកបន្លែ ត្រូវបើកមើលបន្តិចដែរ ខ្លាចពួកគាត់មិនស្មោះត្រង់ មិនដឹកបន្លែ បែរទៅជាដឹកមនុស្សទៅវិញ។ ជាក់ស្ដែង​រឿងនេះធ្លាប់មាន១ករណី គឺរថយន្តមានមនុស្ស៥នាក់ សមត្ថកិច្ចសួរ គាត់ថាមកផ្តល់ឈាមឱ្យអ្នកជម្ងឺនៅពេទ្យជោរៃ ដូច្នេះតម្រូវឱ្យសមត្ថកិច្ចយើងសួរឱ្យបានការបញ្ជាក់ពិតប្រាកដតើបានទៅផ្តល់ឈាម នៅពេទ្យជោរៃមែន? ក្រោយមកអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាក្រសួងយុត្តិធម៌ អនុញ្ញាតឱ្យគាត់ត្រឡប់ទៅវិញ។ ហេីយនេះជាបញ្ហាមួយតម្រូវឱ្យសមត្ថកិច្ចឆែកមើលដែរ មិនមែនឱ្យតែរថយន្តអាទិភាព ចេះតែឱ្យទៅ ក្រែងវាមានការភ្លាំងភ្លាត់ ។

លោក​ស្នងការ​ បន្ថែមទៀតថា​ យើងមិនចោទប្រកាន់ទៅលើស្ថាប័ននិងប្រជាពលរដ្ឋទេ ប៉ុន្តែធ្វើការអនុវត្តច្បាប់ អនុវត្តបទបញ្ជា ក៏ដូចជាសេចក្តីសម្រេចផ្សេងៗ ចាំបាច់ត្រូវត្រួតពិនិត្យមើលឱ្យច្បាស់លាស់ ចេះតែឱ្យចូលជួនកាលជនខិលខូចមួយចំនួនបានចូលទៅក្នុងរាជធានីភ្នំពេញ ឬចេញពីរាជធានីភ្នំពេញចេញទៅតាមបណ្តាខេត្តវាអាចជួបនិងបញ្ហា ។

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នដែលមានសមត្ថកិច្ច ចេញលិខិតបេសកកម្ម សូមឱ្យតែចំពោះមន្ត្រីណាដែលចាំបាច់បំផុត ធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រីឯក្រុមហ៊ុនឯកជន ដែលត្រូវធ្វើស្នើទៅរដ្ឋបាលរាជធានីភ្នំពេញ ត្រូវកំណត់ឱ្យបានច្បាស់លាស់ ចំពោះបុគ្គលប៉ុន្មាននាក់ ដើម្បីរួមគ្នាបំបាត់ការឆ្លងជំងឺកូវីដ-១៩ ឱ្យចប់ក្នុងរយៈពេល១៤ថ្ងៃ នៃការបិទខ្ទប់រាជធានីភ្នំពេញនេះ៕ដោយ​៖សហការី​

...

រូបភាព​ឯកសារ​៖​ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងអំឡុងការបិទខ្ទប់ដេីម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print