ខេត្តមណ្ឌលគិរី៖ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះថា អាជ្ញាធរខេត្តបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ជាលើកដំបូង ដែលកើតលើស្ដ្រីម្នាក់ឈ្មោះ គិន សម្ព័ស អាយុ៥១ឆ្នាំ រស់នៅភូមិអរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
នៅក្នុងសេចក្តីជូនដំណឹងខាងលេីនេះ បានឲ្យដឹងថា តាមការបញ្ជាក់របស់ឈ្មោះ គិន សម្ព័ស នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រួសាររបស់គាត់បានធ្វើដំណើជូនស្វាមីឈ្មោះ គឹម សារ៉េត ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ព្រះកុសមៈ (ហៅពេទ្យលោកសង្ឃ) នៅភ្នំពេញ មានអ្នករួមដំណើរជាមួយចំនួន០៥នាក់ រួមមាន៖ ទី១៖ ឈ្មោះ ជ័យ ស៊ីនាថ ភេទប្រុស មុខរបរបុគ្គលិកមន្ទីរពេទ្យខេត្ត ។ ទី២៖ ឈ្មោះ អ៊ិន សុភាព ភេទស្រី ត្រូវជាកូនប្រសារ ។ ទី៣៖ ឈ្មោះ គឹម សារ៉េត ភេទប្រុស អ្នកជំងឺ ។ ទី៤៖ ឈ្មោះ លាង ណាត ភេទប្រុស ត្រូវជាក្មួយ ។ និងទី៥៖ ឈ្មោះ ឈួន ថានី ភេទប្រុស ម្ចាស់រថយន្ត។
នៅក្នុងសេចក្ដីជូនដំណឹងដដែល បន្តថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ម៉ោង០៣៖០០ រសៀល ត្រូវបានមន្ទីរពេទ្យព្រះកុសមៈ បញ្ជូនអ្នកជំងឺតាមរថយន្តសង្គ្រោះ ឈ្មោះពហុព្យាបាលមានជ័យ លេខទូរស័ព្ទ ០១០ ៦០ ៦០ ៨៩ និង០៦៨ ២២ ២២ ៦៩ មកកាន់ខេត្តមណ្ឌលគិរីវិញ។ លុះនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យខេត្តមណ្ឌលគិរី បានចុះដល់ផ្ទះយកវត្ថុសំណាក់មនុស្សចំនួន០២នាក់ គឺទី១៖ ឈ្មោះ គិន សម្ព័ស និងទី២៖ ឈ្មោះ អ៊ិន សុភាព ទៅពិនិត្យ។ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផលបញ្ជាក់ ដោយមន្ទីរពេទ្យព្រះកេតុមាលា ឈ្មោះ គិន សម្ព័ស ភេទស្រី អាយុ៥១ឆ្នាំ វិជ្ជមានកូវី៨-១៩ បច្ចុប្បន្ន អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យ ដើម្បីយកវត្ថុសំណាកទៅពិនិត្យ ត្រូវធ្វើចត្តាឡីស័ក និងអ្នកប៉ះពាល់ដោយប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ដោយឡែកប្រសិនបើបងប្អូនប្រជាពលរដ្ឋមានកំដៅ លើសពី ៣៧.៥អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក និងពិបាកដកដង្ហើម សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលស្ថិតនៅជិតកន្លែងបងប្អូនរស់នៅ៕ដោយ៖សហការី