ខេត្តកំពង់ចាម: រដ្ឋបាលខេត្តកំពង់ចាមចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់៖ បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ រស់នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ , ក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ឈោ្មះ ហូរ ហ៊ា ចំនួន០២នាក់ រស់នៅភូមិ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែល រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍, ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់ ដែលបានប៉ះពាល់អ្នកជំងឺកូវីដ-១៩ ឈ្មោះ ហួរ ហ៊ា (២នាក់) និងករណីប៉ះពាល់នឹងអ្នកជំងឺនៅរាជធានីភ្នំពេញ (០១នាក់) ក្នុងនោះ៖
១- ឈ្មោះ ឃាង សុខអេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ
២-ឈ្មោះ ម៉ិច ណុន ភេទ ស្រី អាយុ ៥៣ ឆ្នាំ ត្រូវជាម្តាយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ហូរ ហ៊ា រស់នៅ ភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។
៣-ឈ្មោះ ជឿន វិចិត្រ ភេទ ប្រុស អាយុ ២៦ឆ្នាំ ត្រូវជាប្អូនថ្លៃ អ្នកជំងឺកូវីដ-១៩ ឈ្មោះ ហួរ ហ៊ា រស់នៅ ភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថាន សុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩លើអ្នកជំងឺទាំង០៣នាក់ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ចូនអ្នកជំងឺពីមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត មកសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងករណីនេះបន្ថែមទៀត។
ជាលទ្ធផលបឋមដែលក្រុមការងារបានស្រាវជ្រាវរកឃើញ៖
១-បុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ ឈ្មោះ ឃាង សុខអេង រស់នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុក ស្រីសន្ធរ ជាជាងឈើនៅភ្នំពេញ បានវិលត្រឡប់មកស្រុកកំណើតភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ និងត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបុរសរូបនេះ ធ្លាប់បានប៉ះពាល់ដោយផ្ទាល់នឹងអ្នកវិជ្ជមាន កូវីដ-១៩ ដែលធ្វើការជាមួយគ្នា នៅរាជធានីភ្នំពេញ។ ក្រុមការងារ បន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយ ផ្ទាល់ និងដោយប្រយោលនឹងបុរសម្នាក់នេះ។
២-អ្នកជំងឺកូវីដ-១៩ ចំនួន ០២នាក់ ( ឈ្មោះម៉ិច ណុន និងឈ្មោះជឿន វិចិត្រ) ជាសមាជិកក្រុម គ្រួសារ អ្នកជំងឺកូវីដ-១៩ ឈ្មោះ ហួរ ហ៊ា ហើយត្រូវបានដាក់ឱ្យធ្វើចតាឡីស័កកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១. នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម បន្ទាប់ពីអ្នកទាំងពីរ រួមនឹងសមាជិកគ្រួសារ ដែលប៉ះពាល់ ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ហួរ ហ៊ា ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័ក នៅ មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល បន្ថែមទៀតពាក់ព័ន្ធនឹងករណីនេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ទាំង០៣នាក់ខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការបន្ទាន់ សម្រេចផ្អាកជាបណ្តោះអាសន្នមណ្ឌល សុខភាពឃុំ សំបូរ ស្រុកបាធាយ និងបិទខ្ទប់ជាបណ្តោះអាសន្នភូមិទ្រា ឃុំស្វាយពោធិ៍ និងភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុក ស្រីសន្ធរ, ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ និងភូមិថ្មី(ខ) ឃុំរការគយ ស្រុកកងមាស ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេងទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិទ្រា ឃុំស្វាយពោធិ៍, ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ និងបងប្អូនមិត្តភ័ក្ត្រអ្នកជំងឺខាងលើ ដែលធ្លាប់ប្រាស្រ័យទំនាក់ទំនង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ»។ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឱ្យជៀសផុតពីជំងឺមហាប្រល័យនេះ៕
ដោយ, វណ្ណៈ