អ្នកនាំពាក្យក្រសួងសុខាភិបាល, ប្រាប់ឱ្យអ្នកចាក់វ៉ាក់សាំងលើកទី១ហើយ បន្ទាប់មកមានផ្ទុកវីរុសកូវីដ-១៩ មិនបាច់ទៅចាក់លើកទី២ទៀតទេ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១រួចហើយ បន្ទាប់មកមានផ្ទុកវីរុសកូវីដ-១៩ ហើយត្រូវបាន ព្យាបាលជាសះស្បើយហើយនោះគឺ មិនបាច់ទៅចាក់វ៉ាក់សាំងលើកទី២ទៀតទេ ខណៈដែលសរីរាង្គកាយមានកងការពាររួចហើយ ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានមានប្រសាសន៍ថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១រួចហើយ ហើយត្រូវមានកាតព្វកិច្ចក្នុងការធ្វើចត្តាឡីស័ក ធ្វើយ៉ាងម៉េចឱ្យបានគ្រប់ថ្ងៃ ហើយអ្នកដែលចេញពីចត្តាឡីស័កប្រសិនបើបុគ្គលនោះ មានលទ្ធផលអវិជ្ជមាន សូមអញ្ជើញមកចាក់វ៉ាក់សាំងដូសទី២ធម្មតា។ ប៉ុន្តែប្រសិនមានលទ្ធផលវិជ្ជមាន សូមកុំអញ្ជើញទៅចាក់វ៉ាក់សាំងអី ។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា,  ចំពោះអ្នកដែល ពិនិត្យឃើញមានលទ្ធផលវិជ្ជមាន គឺត្រូវទៅព្យាបាលឱ្យបានជាសះស្បើយ ហើយបន្ទាប់ពីជាសះស្បើយហើយ មិនតម្រូវឱ្យទៅចាក់វ៉ាក់សាំងលើកទី២នោះទេ ដោយសារតែសរីរាង្គរបស់បុគ្គលនោះ មានកងការពាររួចហើយ ។

លោកស្រីបានថ្លែងថា, “ បើប្រសិនបើពិនិត្យឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ទៅទទួលការព្យាបាលឱ្យបានត្រឹមត្រូវ ហើយក្រោយពីការព្យាបាលបានជាសះស្បើយហើយ ក៏មិនមានតម្រូវការក្នុងការចាក់វ៉ាក់សាំងទៀតដែរ ពីព្រោះនៅពេលដែលឈឺទៅហើយបានជាសះស្បើយវិញ សរីរាង្គរបស់យើងគឺមានបង្កើតនូវកងការពាររួចទៅហើយ ដូច្នេះមិនមានភាពចាំបាច់អី ដែលត្រូវមកចាក់ដូសលើកទី២នោះទេ “ ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ជាថ្មីថា បុគ្គលបានចាក់ដូសទី១ហើយ គាត់ឈឺ ហើយនៅតែឆ្លង លោកស្រីធ្លាប់បានជម្រាបជូនហើយថា ការចាក់វ៉ាក់សាំងនេះ មិនមែនចាក់ទៅការពារមិនឱ្យឆ្លងនោះទេ ។

លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា ការចាក់វ៉ាក់សាំងរួច ប្រសិនបើលោកអ្នក មិនអនុវត្តវិធានការការពារឱ្យបានត្រឹមត្រូវទេ ការចម្លងពីបុគ្គលមួយទៅបុគ្គលមួយ គឺនៅតែមានដដែល ប៉ុន្តែអ្វីដែលជាផលប្រយោជន៍វ៉ាក់សាំង គឺវ៉ាក់សាំងនេះ បានជួយដល់សរីរាង្គបុគ្គលនោះ ទប់ទល់ជាមួយការវៃលុកពីវីរុសកូវីដ១៩ ដោយមិនឱ្យយើងមានសភាពធ្ងន់ធ្ងរ កាត់បន្ថយបានអត្រាការចូលទៅសម្រាកនៅមន្ទីរពេទ្យ ហើយក៏ដូចជាកាត់បន្ថយនូវអត្រាមរណភាពច្រើន ។

ការចាក់ភ្លាមមិនទាន់មានកងការពារភ្លាមនោះទេ វាត្រូវការរយៈពេលមួយ ។ លោកស្រីបញ្ជាក់ថា មិនទាន់មានកងការពារនោះទេ ទើបនឹងចាក់បាន២ទៅ៣ថ្ងៃ ព្រោះវាត្រូវការពេលវេលា ហើយសំខាន់ទៀត គឺត្រូវការដូសទី២ ដើម្បីរុញច្រានធ្វើឱ្យការបង្កើតកងការពាររបស់យើងនេះឱ្យមានគ្រប់លក្ខណៈ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ជាថ្មីទៀតថា ការចាក់ដូសលើកទី២នេះ ក៏ត្រូវចាក់ឱ្យត្រឹមត្រូវតាមពេលវេលានោះដែរ ប្រសិនបើពេលវេលារឹតតែយូរបន្តិច គឺការបង្កើតកងការពារកាន់តែមានភាពល្អប្រសើរ ប៉ុន្តែក៏គេមានកំណត់នូវរយៈពេលមួយដែរ មិនឱ្យទុកចោលយូរពេក កាលណាយូរពេកវាអាចកើតមានបញ្ហា ទៅលើការបង្កើតកងការពារនោះដែរ ៕

...

ប្រភព: ក្រសួងព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print