ភ្នំពេញ, នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) | សូមគោរពជម្រាបជូន សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីពន្លឿនការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ គ.វ .ក-១៩ សម្រេចបន្ថែមទីតាំងចាក់ វ៉ាក់សាំងក្នុងខណ្ឌទួលគោកចំនួន១ទីតាំងបន្ថែមទៀត គឺនៅមន្ទីរពេទ្យកុមារជាតិ ដែលចាប់បើកដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដូសទី២ ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ ដូចនេះសូមបុគ្គលដែលដល់វេនចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដួសទី២ អញ្ជើញទៅចាក់វ៉ាក់សាំងខាងលើក្នុងកន្លែងដែលខ្លួនកំពុងស្នាក់នៅ ដោយមិនត្រូវឆ្លងខណ្ឌជាដាច់ខាត។ ចំពោះការចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) និងស៊ីណូវ៉ាក់ (Sinovac) ដូសទី២អាចចាក់អំឡុងពេល១៤ ទៅ២៨ថ្ងៃ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី១ ក្នុងន័យនេះ សូមបុគ្គលដែលបានយកសំណាក ឬកំពុងជាប់វិធានចត្តាឡីស័ក ត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបអាចទៅចាក់វ៉ាក់សាំងដូសទី២បានដើម្បីជៀសវាងការចម្លងណាមួយដល់អ្នកដទៃ ក៏ដូចជាការប្រឈមចំពោះផ្លូវច្បាប់ជាធរមាន។ ទន្ទឹមគ្នានេះដែរ គ.វ.ក-១៩ – សូមស្នើឱ្យអាជ្ញាធរមូលដ្ឋានស្រង់ឈ្មោះបុគ្គលដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ ហើយកំពុងជាប់ធ្វើចត្តាឡីស័កនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញផ្ញើមក គ.វ .ក-១៩ តាមរយៈមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីរៀបចំកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី២ជូនគាត់ដូចគំរូតារាងភ្ជាប់មកជាមួយ។ គ. វ.ក-១៩ក៏សូមអំពាវនាវដល់បុគ្គល ដែលកំពុងជាប់ធ្វើចត្តាឡីស័កហើយកំពុងស្នាក់នៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ត្រូវទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធរបស់ខ្លួនផងដែរ។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាប និងសហការផ្ដល់ព័ត៌មានពាក់ព័ន្ធដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំង ចូលរួមអនុវត្តតាមវិធានការនានាខាងលើប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ, សិលា