ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកហូតស័ក្ដិ និងបណ្ដេញ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពាក់ព័ន្ធការរត់ពន្ធមនុស្សខុសច្បាប់ និងជាមេខ្លោង !

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព”នគរដ្រេហ្គន”ទើបទទួលបាននៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ គឺព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកហូតស័ក្ដិ និងបណ្ដេញ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពាក់ព័ន្ធការរត់ពន្ធមនុស្ស ហើយបង្ក្រាបឃាត់ខ្លួនដោយកម្លាំងនគរបាលក្រុងបាវិត។

សូមបញ្ជាក់ថា, ក្នុងព្រះរាជក្រឹត្យ បានត្រាស់បង្គាប់យ៉ាងដូច្នេះថា «មាត្រា១៖ ដកហូតឋានន្ដរស័ក្ដី នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទចំពោះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ»។

សូមរំឮកថា,  អតីតឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកចំនួន៦នាក់ផ្សេងទៀត ដែលបានចាប់ឃាត់ខ្លួនរឿងរត់ពន្ធជនជាតិចិនពីខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាលពេលកំពុងទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

មន្ដ្រីនគរបាលបានបញ្ជាក់ថា ការឃាត់ខ្លួនឧត្តមសេនីយ៍ទោម្នាក់នេះ និងបក្ខពួក បានធ្វើឡើងនៅវេលាម៉ោង៣៖២០នាទីទាបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខសណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលបំពានបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូល ឆ្លងពីរាជធានីភ្នំពេញ ទៅខេត្តទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ពាក់ព័ន្ធករណីនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារ ស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ ក្រោយមន្ដ្រីយោធាជាន់ខ្ពស់រូបនេះ ត្រូវបានបង្ក្រាបពាក់ព័ន្ធការរត់ពន្ធជនជាតិចិនជិត៣០នាក់ ពីស្វាយរៀង ទៅរាជធានីភ្នំពេញផងដែរ។
ក្នុងករណីនេះដែរ, សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី។ អតីតលោកផ្កាយ២ ស៊ុំ ពៅ បានប្រើមនុស្សចំនួនប្រាំនាក់ ក្លែងបន្លំស្លៀកឯកសណ្ឋានយោធា ធ្វើជាអ្នកបើកបររថយន្តដឹកចិន និងម្នាក់ទៀត ជាមេខ្យល់ក្នុងការប្រមូលចិនយកមកឲ្យលោកផ្កាយពីររូបនេះ ដើម្បីដឹកជញ្ជូនរត់ពន្ធមនុស្សខុសច្បាប់៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print