ឃាត់​ជនជាតិ​ចិន​៥​នាក់លួចធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញមកខេត្ដកំពង់ចាម

ចែករំលែក៖

ខេត្ដកំពង់ចាម ​៖ ជនជាតិ​ចិន​ចំនួន៥នាក់ដែលលួចធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ តាមរយៈ​រថយន្ត​តាក់ស៊ី ក្នុងគោលបំណងមកលេងមិត្តភក្តិនៅស្រុកព្រៃឈរត្រូវបាននគរបាល​​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ ធ្វើការឃាត់ខ្លួនយកទៅធ្វើចត្តាឡីស័ក ចំណែកអ្នកបើករថយន្តតាក់សុី សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីនាំខ្លួនមកចាត់ការតាមច្បាប់ ។

លោកអធិការ​ស្រុកព្រៃឈរ កែវ ស៊ាងហ៊ាន់ បានឲ្យដឹងថា នៅ​វេលា​ម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិ ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន៥នាក់ ( មិនមានលិខិតឆ្លងដែន) ។

លោកបញ្ជាក់​ថា​ អ្នកទាំង៥នាក់ខាងលើនេះបានធ្វើដំណើរមកពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី ( មិនស្គាល់ ស្លាកលេខ និងពណ៌រថយន្ត ) ដែលម្ចាស់រថយន្តនោះជាមិត្តភក្កិនិងជាជនជាតិចិនដូចគ្នារស់នៅខេត្តកំពង់ចាម ( មិន ស្គាល់ឈ្មោះ ) ជាអ្នករៀបចំឱ្យធ្វើដំណើរ ចេញពីភ្នំពេញ កាលពី​ព្រឹកថ្ងៃទី២៣ ខែមេសា ហើយមកដល់ចុះនៅចំណុច

ស្តុបផ្សារព្រៃទទឹងនាវេលាម៉ោង ៩ ព្រឹក និងដើររកទិញចំណីហូប។ បន្ទាប់មកក៏ទាក់ទងមិត្តភក្ដិមិនបាន រួចពួកគេទាំង ៥នាក់ខាងលើបានមកសម្រាកនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹងតែម្ដង។ គោលបំណងដើម្បីមកលេងមិត្តភក្ដិដែលជាជនជាតិចិនដូចគ្នារស់នៅខេត្តកំពង់ចាម។

សូម​បញ្ជាក់​ផង​ដែរ កងកម្លាំង​នគរបាល​នៃ​ស្នងការ​ដ្ខាននគរបាល​ខេត្តកំពង់ចាម​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​រក​រថយន្ត​ដែល​បាន​ដឹក​ជនជាតិ​ទាំង​៥​នាក់​នោះ​មក​ដល់ទី​នេះ ហើ​យ​ធ្វើ​ការ​អនុវត្តតាម​នីតិ​វិធី​ច្បាប់ ខណៈ​អាជ្ញាធរ​កំពុង​ធ្វើ​ការទប់ស្កាត់​ការពារការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ជាប្រចាំ​។

បន្ទាប់​ពី​​ធ្វើការ​ឃាត់ខ្លួន​សួរនាំ​រួច​អាជ្ញាធរ​​ស្រុកសហការ​ជាមួយ​ក្រុមគ្រូពេទ្យ​បាន​ធ្វើ​តេស្ត​ពិនិត្យ​ ដោយ​លទ្ធផល​អវិជ្ជមានកូវីដ-១៩ ហើយ​​បញ្ជូន​ជនជាតិ​ចិន​ទាំង​៥​នាក់​នោះ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​​សាលាគរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​ ដេីម្បី​អនុវត្ត​វិធានការ​សុខាភិបាល​​បន្ត​ ៕

  

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print