ក្រោយរកឃើញអាជីវករ៤នាក់ ឆ្លងជំងឺកូវីដ១៩, អាជ្ញាធរសម្រេចបិទផ្សារសាលាលេខ៥ នៅស្រុកកំពង់ត្រឡាច ជាបណ្ដោះអាសន្ន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីរកឃើញអាជីវករលក់មាស៤នាក់ មានវិជ្ជមានកូវីដ-១៩ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក៏នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ផ្សារសាលាលេខ៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ត្រូវបានអាជ្ញាធរបិទទាំងស្រុង ជាបណ្ដោះអាសន្ន ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបញ្ជាក់អោយដឹងថាថា ,អាជីវករទាំង៤នាក់នោះជាស្ត្រី មានទីលំនៅក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ពួកគាត់ឆ្លងជំងឺកូវីដ-១៩ មកពីបងប្រុសរបស់គេនៅផ្សារចាស់ រាជធានីភ្នំពេញ ខណៈដែលពួកគេបាន ទៅលេងបងប្រុសកន្លងមក។ ក្រោយផ្សារសាលាលេខ៥ ត្រូវបិទជាបណ្ដោះអាសន្ន មន្ដ្រីសុខាភិបាល នឹងប្រមូលអាជីវករ ដែលមានការពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលមកយកសំណាកទាំងអស់ផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បញ្ជាក់ថា ស្ត្រីទាំង៤នាក់ ជាអាជីវករលក់មាស ក្នុងផ្សារសាលាលេខ៥ ដែលរកឃើញកើតជំងឺកូវីដនេះ រួមមាន៖
ទី១-ឈ្មោះ ផេង ម៉ាលីស អាយុ៤៧ឆ្នាំ,
ទី២-ឈ្មោះ សូត្រ ស្រីពៅ អាយុ៣០ឆ្នាំ,
ទី៣-ឈ្មោះ ភុំ រតនា អាយុ១៦ឆ្នាំ
និងទី៤-ឈ្មោះ សំរិទ្ធ សៀវម៉ី អាយុ២៧ឆ្នាំ ពួកគាត់មានទីលំនៅក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងអាជីវករលក់ដូរ ក្នុងផ្សារសាលាលេខ៥ ទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានការពាក់ព័ន្ធជាមួយអាជីវករ លក់មាសទាំង៤នាក់ខាងលើនេះ សូមមេត្តាមកយកសំណាក នៅព្រឹកថ្ងៃទី២៤ ខែមេសានេះកុំបីខានឡើយ។
មួយរយៈនេះផ្សារជាច្រើនត្រូវបានបិទជាបណ្តោះអាសន្ន ជាច្រើនកន្លែង ជាពិសេសនៅរាជធានីភ្នំពេញ បន្ទាប់បិទផ្សារជាបន្តបន្ទាប់ ឈានដល់យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសបិទ
ផ្សារមិនរៀបរយ។
ចំពោះមុខ ដើម្បីថែរក្សាអាយុជីវិត និងការពារសុខភាពរបស់បងប្អូនអាជីវករ ក្រុមគ្រួសារ
សាច់ញាតិ ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិទាំងមូល ឱ្យរួចចាកផុតពីគ្រោះថ្នាក់ដោយជំងឺឆ្លងដ៏កាចសាហាវ ក៏ដូចជា ដើម្បីឈានទៅកាត់ផ្ដាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១. ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ (ផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍, ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ។ល។) ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្នរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ២.ដើម្បីចៀសវាងការពិន័យអន្តរការណ៏ និងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន សូមបងប្អូន អាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធទាំងអស់ ដែលបានបើកអាជីវកម្ម ឬ បន្តអាជីវកម្ម គិតចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មក ត្រូវអញ្ជើញ ទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមទីតាំងដែលបានកំណត់ជូន ដែលនៅជិតលំនៅឋាន របស់ខ្លួនបំផុត ។
សូមអាននូវខ្លឹមសារទាំងស្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីការផ្អាកដំណើរការបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print