ខេត្តព្រៃវែង៖ លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក បានថ្លែងនៅព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១នេះថា រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានចាត់វិធានការរដ្ឋបាលវិន័យអន្តរកាល ចំពោះបុគ្គលចំនួន ៤នាក់ដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងម្នាក់ៗត្រូវពិន័យប្រាក់២លានរៀល។
អភិបាលស្រុកកំពង់ត្របែក ថ្លែងបន្តថា ចំពោះការពិន័យទៅមនុស្សទាំង៤នាក់ខាងលើនេះ ដោយអនុវត្តទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនានា នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងតែមានការឆ្លង ក៏ដូចជាការបង្កើតគណៈកម្មការត្រួតពិនិត្យ និងតាមដានការងារពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ មន្ត្រីនគរបាលយុត្តិធម៌ នៃអធិការដ្ឋានស្រុកកំពង់ត្របែក បានចាត់វិធានការរដ្ឋបាលវិន័យអន្តរកាល ល្មើសចំនួន៤នាក់ ដែល៣នាក់មកពីឃុំចាម និងម្នាក់ទៀតមកពីឃុំកន្សោមអក។
លោក យ៉ាវ សានិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «បុគ្គលទាំង៤នាក់ បានល្មើសនឹងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដូចមានចែងក្នុងមាត្រា៥ គឺការរឹតបន្តឹង ឬការហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។ អ្នកទាំង៤នាក់ បានស្ម័គ្រចិត្តមកបង់វិន័យនៅការិយាល័យច្រកចេញចូលតែមួយនៅស្រុកកំពង់ត្របែក។ បន្ទាប់មកមន្ត្រីនគរបាល បានដឹកពួកគាត់ទៅធ្វេីចត្តាឡីស័ក នៅតាមឃុំនីមួយៗវិញផងដែរ។ ចំពោះការផាកពិន័យនេះដោយក្នុងម្នាក់ៗ ទឹកប្រាក់២លានរៀល»។
លោកអភិបាលស្រុករូបនេះ បានលើកឡើងថា ចំពោះការអនុវត្តនូវអនុក្រឹត្យនេះមិនមែនធ្វើឡើងដោយមិនបានជម្រាបជូនដល់ប្រជាពលរដ្ឋមុននោះទេ គឺអាជ្ញាធរបានជម្រាបជូនដល់ប្រជាពលរដ្ឋជាច្រើនមកហើយ និងមានសេចក្តីជូនដំណឹងរបស់រដ្ឋបាល ខេត្តព្រៃវែងផងដែរ ក៏ប៉ុន្តែពួកគាត់នៅតែបន្តធ្វើល្មើសនឹងអនុក្រឹត្យទាំងអស់នេះ ទើបអាជ្ញាធរពិន័យតាមច្បាប់។
ទន្ទឹមនឹងនេះ រដ្ឋបាលស្រុកកំពង់ត្របែក ក៏សូមអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ អនុវត្តទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីចូលរួមបង្ការទប់ស្កាត់ទាំងអស់គ្នាការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕ដោយ៖សហការី